បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ២ឈុតមានក្រុមធំ និងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំនឹងត្រូវចូលរួមព្រឹត្តិការណ៍ធំៗ ២ផ្សេងគ្នានាខែតុលាខាងមុខ រួមមានការប្រកួតជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ វគ្គ Play-Off នៅបារ៉ែន និងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីអាយុក្រោម ២៣ឆ្នាំឆ្នាំ២០២២ ពូល K នៅជប៉ុន។

ប៉ុន្ដែដោយសារការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាត្រូវបានពន្យារពេល បានធ្វើឲ្យប៉ះពាល់ដល់ការត្រៀមរបស់ក្រុមជម្រើសជាតិ ព្រោះកីឡាករមិនបានហ្វឹកហាត់ និងប្រកួតទៀងទាត់។ នេះបើតាមការបញ្ជាក់របស់លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ក្រោយមានកិច្ចប្រជុំប្រចាំសប្ដាហ៍ដែលដឹកនាំដោយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ អ្នកចាត់ការក្រុមដដែលបានបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩ ក្រុមការងារគ្រូបង្វឹកនៃជម្រើសជាតិកម្ពុជាដែលដឹកនាំដោយលោក Keisuke Honda បានបើកកិច្ចប្រជុំរៀងរាល់សប្ដាហ៍ដើម្បីតាមដាន ពិភាក្សាការងារទូទៅ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាការត្រៀមផែនកាសម្រាប់រៀបចំការប្រកួត របស់ក្រុមជម្រើសជាតិនាខែតុលាខាងមុខ។ ក្នុងនោះដែរ ការពន្យារពេលលីគគឺជាបញ្ហាមួយ ដែលត្រូវបានលើកមកជជែកក្នុងកិច្ចប្រជុំ ដើម្បីស្វែងរកវិធីជំរុញការហ្វឹកហាត់របស់កីឡាករ បន្ទាប់ពីការហ្វឹកហាត់ និងការប្រកួតរបស់ពួកគេត្រូវបានអាក់ខាន ជាក់ស្ដែងក្រុមការងារគ្រូជម្រើសជាតិ បានរៀបចំនូវការហ្វឹកហាត់ជំនួយតាម Online បន្ថែមដល់កីឡាករដែលជាបេក្ខភាពត្រូវជ្រើសរើស ចូលរួមជាមួយក្រុមជម្រើសជាតិជាប្រចាំទៀតផង។
លោក ឈូក ពិសិដ្ឋ បន្ដថា ចំពោះការងារជ្រើសរើសក្រុមជម្រើសជាតិ ត្រៀមការប្រកួតនាខែតុលាខាងមុខវិញ ក្រុមការងារគ្រូបានធ្វើការសម្លឹង និងកំណត់ទុកតាំងពីក្រោយត្រឡប់មកប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសបារ៉ែនមកម្ល៉េះ គ្រាន់តែពុំទាន់មានការសម្រេចចុងក្រោយប៉ុណ្ណោះ។ គួរបញ្ជាក់ថា ចំពោះការប្រកួត Play-Off ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ ឬ AFC Asian Cup China 2023 នឹងធ្វើឡើងនៅទឹកដីកណ្ដាលនាប្រទេសបារ៉ែន ដោយកម្ពុជាត្រូវជួបកោះហ្គាំជើងទី១ នៅថ្ងៃទី០៩-តុលា និងជើងទី២ នៅថ្ងៃទី១២-តុលា។ ចំណែកការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២២ ពូល K នៅជប៉ុនវិញ ក្រុម U23 កម្ពុជានឹងត្រូវជួបក្រុមហុងកុងមុននៅថ្ងៃទី២៧-តុលា បន្ទាប់មកទើបជួបម្ចាស់ផ្ទះជប៉ុននាថ្ងៃទី២៩-តុលា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ លី ឈុនឡា