ភ្នំពេញ ៖ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីៈ អស៊ីអស៊ី (RCRC Vocational Training Center) បានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញសិក្សាសំខាន់ៗ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកស្រី ម៉ៅនរិន្ទ ស្រីវលក្ខណ៍ ប្រធានគណនេយ្យ និងហិរញ្ញវត្ថុនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី និងជាប្រធានគ្រប់គ្រងទូទៅនៅកាហ្វេ អស៊ីអស៊ី បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា នេះជាថ្ងៃទី២ នៃថ្ងៃបញ្ចប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»រយៈពេល២ថ្ងៃនេះ គឺមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីៈ អស៊ីអស៊ី (RCRC Vocational Training Center) បានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញសិក្សាសំខាន់ៗដូចជា៖ ការស្រាវជ្រាវ ភាសាបរទេស សេវាកម្មសម្អាងកាយ ទីផ្សារ គ្រប់គ្រង គណនេយ្យ ព័ត៌មានវិទ្យា និងបដិសណ្ឋារកិច្ច។ ជាពិសេស RCRC Café ក៏បានផ្តល់ជូននូវកាហ្វេដ៏មានរសជាតិឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃដល់លោក លោកស្រី និងប្អូនៗសិស្ស-និស្សិត ដែលបានអញ្ជើញចូលរួមកម្មវិធីខាងលើផងដែរ។
លោកស្រី ម៉ៅនរិន្ទ ស្រីវលក្ខណ៍ បានបន្ថែមទៀតថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ពិតជាមានសារសំខាន់មែនទែន ផ្តល់ឱកាសសិស្សានុសិស្ស និងនិសិ្សត បានចូលទស្សនាស្វែងយល់ និងសាកសួរគ្រប់ព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី ជាមួយគ្នានោះភាគច្រើន គឺសិស្សានុសិស្ស និសិ្សតចាប់អារម្មណ៍ទៅការបណ្តុះបណ្តាលផ្នែកភាសាបរទេស ដូចជាភាសាអង់គ្លេស និងភាសាបារាំង ក៏ដូចជាការស្រាវជ្រាវផងដែរ។ ទន្ទឹមនឹងនោះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី ក៏មានផ្តល់សេវាកម្មជូននូវភេសជ្ជៈ កាហ្វេ និងអាហារ ព្រមទាំងមានសៀវភៅសម្រាប់សិក្សាស្រាវជ្រាវរាប់ពាន់ក្បាល ដែលងាយស្រួលដល់សិស្ស និសិ្សត និងសាធារណជន អាចអញ្ជើញមករៀនសូត្រ និងសិក្សាស្រាវជ្រាវបន្ថែមលើមុខវិជ្ជាផ្សេងៗ។ ជាពិសេសក៏សូមអំពាវនាវដល់សិស្ស និសិ្សត និងសាធារណជន អញ្ជើញមកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនាឆ្នាំក្រោយៗទៀត ឲ្យបានច្រើនកុះករ ដើម្បីចាប់យកព័ត៌មាន និងទុកជាចំណេះដឹងបន្ថែម ងាយស្រួលថាតើប្អូនៗសិស្ស និសិ្សត ចូលចិត្តលើមុខវិជ្ជាជីវៈមួយណា នៅពេលដែលរៀនទៅធ្វើឲ្យយើងឆាប់ចាប់បាន យើងស្រលាញ់លើការងារមួយនឹង ហើយយើងក៏ងាយស្រួលរកការងារធ្វើ និងចំនូវជំនាញរបស់យើងផងដែរ។
សូមបញ្ជាក់ផងដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ រៀបចំឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិនេះ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដើម្បីទាក់ទាញឲ្យសាធារណជន ក៏ដូចជាលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញលើកទឹកចិត្តឲ្យកូនៗងាកមករៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
អត្ថបទ៖ រដ្ឋា























