អ្នកពន្លត់អគ្គិភ័យ នៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បានប្រឹងប្រែងទប់ទល់ជាមួយនឹងអណ្ដាតភ្លើងឆាបឆេះដ៏ធំបំផុតរបស់រដ្ឋ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០២៤ ខណៈដែលការភ័យខ្លាចមានកាន់តែខ្លាំងឡើងៗ ចំពោះស្ថានភាពដ៏អាក្រក់ ដែលអាចកើតឡើងនៅក្នុងខែដ៏ក្តៅ និងហួតហែង នាពេលខាងមុខ។

ចំហេះព្រៃ នៅភាគខាងជើងនៃទីក្រុង Los Angeles បានឆាបឆេះយ៉ាងលឿនលើផ្ទៃដីជិត ៦.០៧០ហិចតា កាលពីចុងសប្តាហ៍ ដោយនាំឲ្យមានការជម្លៀសទាំងបង្ខំ ចំពោះអ្នកបោះតង់ជាង ១.០០០នាក់ពីសួនកម្សាន្ត និងការបិទបឹង សម្រាប់ជិះទូកលេងដ៏ពេញនិយមមួយ។

អ្នកពន្លត់អគ្គិភ័យប្រហែល ១.១៥០នាក់ កំពុងប្រឹងប្រែងទប់ស្កាត់នូវអ្វីដែលហៅថា «Post Fire» (អ្វីកើតមានក្រោយអគ្គិភ័យ) ដោយបានពន្លត់អណ្តាតភ្លើងជាមួយនឹងការបាញ់ទឹកចេញពីយន្តហោះចំនួន ៧គ្រឿង ហើយចំហេះនៅសល់ត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា។
មជ្ឈមណ្ឌលអគ្គិភ័យអន្តរកម្មជាតិ បានព្រមានថា អគ្គិភ័យនេះកំពុង «បង្ហាញពីសកម្មភាពអគ្គិភ័យដ៏ខ្លាំងក្លា» ដោយការមើលឃើញមានភាពពិបាក ហើយខ្យល់បក់មានល្បឿនរហូតដល់ ៨០គីឡូម៉ែត្រ ក្នុង ១ម៉ោង ដែលទាំងនេះបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យ។
ផ្ទៃដីប្រហែល ១៧.០០០ហិកតា ត្រូវបានឆាបឆេះរួចហើយ នៅរដ្ឋ California ក្នុងឆ្នាំ២០២៤ ដោយមានប្រហែល ៥០ភាគរយខ្ពស់ជាងមធ្យមភាគរយៈពេល ៥ឆ្នាំ ត្រឹមដំណាក់កាលនេះ។ ដោយយោងតាមនិន្នាការចំហេះរបស់ជាតិ ចំហេះព្រៃនៅឆ្នាំ២០២៤ មានចំនួនតិចជាងមុន ប៉ុន្តែមានទំហំធំជាងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ៕