បណ្ដាបេក្ខជនប្រជែងតំណែងប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូង កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) មុនពេលការបោះឆ្នោតមុនអាណត្តិ នាពេលខាងមុខ ដែលនឹងកើតឡើងនៅចុងខែនេះ។

ក្រុមប្រឹក្សាអាណាព្យាបាលរបស់អ៊ីរ៉ង់ ដែលត្រួតពិនិត្យការបោះឆ្នោត និងច្បាប់ បានអនុម័តទទួលយកបេក្ខជនចំនួន ៦រូប ឲ្យឈរឈ្មោះក្នុងការបោះឆ្នោត បន្ទាប់ពីប្រធានាធិបតី លោក Ebrahim Raisi បានបាត់បង់ជីវិតភ្លាម ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។

យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា នៅក្នុងបញ្ជីឈ្មោះ មានលោក Mohammad Baqer Qalibaf ដែលជាប្រធានសភាមាននិន្នាការរឹងរូស និងជាអតីតមេបញ្ជាការឆ្មាំបដិវត្តន៍របស់អ៊រ៉ង់ អ្នកអភិរក្សនិយមលោក Saeed Jalili ដែលជាអតីតប្រធានអ្នកចរចានុយក្លេអ៊ែរ និងបានគ្រប់គ្រងការិយាល័យរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei អស់រយៈពេល ៤ឆ្នាំ ហើយនិងអភិបាលក្រុងតេអេរ៉ង់ លោក Alireza Zakani ដែលជាអ្នកអភិរក្សនិយម។
បេក្ខជនទាំងនោះ ក៏រួមមានសមាជិកសភាកំណែទម្រង់ លោក Masoud Pezeshkian អ្នកមាននិន្នការរឹងរូស និងជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Mostafa Pourmohammadi ហើយនិងលោក Amir-Hossein Ghazizadeh Hashemi ដែលជាអ្នកនយោបាយអភិរក្សនិយម។
ការជជែកដេញដោល កាលពីថ្ងៃចន្ទនោះ បានផ្តោតលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយបេក្ខជនម្នាក់ៗបានដាក់ចេញនូវចក្ខុវិស័យរបស់ពួកគេ ដើម្បីឲ្យមានកំណើននាពេលខាងមុខ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងអតិផរណា ដែលកំពុងកើនឡើង៕