នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក កាលពីថ្មីៗ ម្ចាស់ផ្ទះថៃ បានប្រកាសនូវប្រភេទកីឡាបណ្ដោះអាសន្ន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ខាងមុខ ដែលសរុបចំនួន ៤៤ប្រភេទកីឡា ។
ក្នុងចំណោមប្រភេទកីឡា ដែលប្រទេសម្ចាស់ផ្ទះបានកំណត់ជាបឋមនេះ ត្រូវបានបែងចែកជា ៣ក្រុម ក្នុងនោះក្រុមទី១-ប្រភេទកីឡាចាំបាច់ គឺមានកីឡាអត្តពលកម្ម និងកីឡាក្នុងទឹក ដែលរួមមានហែលទឹក លោតទឹក បាល់ទឹក រាំក្នុងទឹក និងហែលទឹកម៉ារ៉ាតុង ។
រីឯក្រុមទី២ ជាប្រភេទកីឡាអូឡាំពិក និងអាស៊ី ក្នុងនោះមានកីឡាបាញ់ធ្នូ, វាយសី, បាល់បោះ (5x5, 3x3), ទូកកាណូ, រ៉ូអ៊ីង, ទោចក្រយាន, គុនដាវ, បាល់ទាត់ (បុរស, នារី), វាយកូនហ្គោល, កាយសម្ព័ន្ធ, បាល់គប់, ហុកគី, ហុកគីលើទឹកកក, យូដូ, បាញ់កាំភ្លើង, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, ជិះស្គីលើទឹកកក, ផេនតាត្លុងទំនើប, បេស្បល-សូហ្វបល, ប្រដាល់សកល, ជិះសេះ និងប៉ូឡូ, បាល់ឱប និងទូកក្តោង ព្រមទាំងប្រភេទកីឡាអាស៊ីក្នុងសាល និងក្បាច់គុន រួមមានបាល់ទាត់ Futsal, មួយ, បញ្ចស៊ីឡាត់, ប៉េតង់, ស៊ីប៉ាក់តាក្រ, ប៊ីយ៉ា និងស្នូកឃ័រ និងកីឡាអេឡិចត្រូនិកច ។
ចំណែកក្រុមទី៣ គឺមានកីឡា Floorball, ឃីកបុកស៊ីង, បាល់ទាត់លើតុ និង Netball ក្រៅពីនេះ ក៏មានកីឡាសម្ដែង ២ប្រភេទផងដែរ រួមមានកីឡាទាញព្រ័ត្រ និងកីឡាចោលថាស ។
បើតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្មីៗ ចំពោះការកំណត់ប្រភេទកីឡាជាផ្លូវការ ក្នុងការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងសម្រេចនៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពីមានការប្រជុំពិភាក្សា និងមានការឯកភាពពីបណ្ដាលប្រទេសសមាជិកទាំងអស់៕ អត្ថបទ លី ឈុនឡា