អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានានៅជុំវិញពិភពលោក បានប្រតិកម្មចំពោះស្ថានការណ៍នៅអាហ្វហ្គានីស្ថាន នៅពេលដែលកងកម្លាំងតាលីបង់បានចូលរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ ដោយប្រទេសជាច្រើនកំពុងជម្លៀសបុគ្គលិកការទូត ខណៈប្រទេសផ្សេងទៀតបានប្ដេជ្ញាបន្តប្រតិបត្តិការនៅក្នុងប្រទេស។

ខណៈទីភ្នាក់ងារអង្គការសហប្រជាជាតិបានសន្យាថានឹងបន្តនៅអាហ្វហ្គានីស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កំពុងតាមដានស្ថានការណ៍ដែលវិវត្តយ៉ាងឆាប់រហ័ស ហើយយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីថ្ងៃអាទិត្យ បានជំរុញឱ្យពួកតាលីបង់ និងគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់បំផុត ដើម្បីការពារអាយុជីវិត និងធានាថាតម្រូវការមនុស្សធម៌អាចត្រូវបានដោះស្រាយ។ ជាមួយគ្នានេះដែរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋអាមេរិក លោកស្រី Liz Cheney បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Joe Biden ក៏ដូចជារដ្ឋបាលអតីតប្រធានាធិបតី Donald Trump នាពេលកន្លងមកគួរតែទទួលខុសត្រូវ ចំពោះការវាយលុកដណ្ដើមអំណាចយ៉ាងឆាប់រហ័ស របស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថាន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានជួបប្រជុំគណៈកម្មការគ្រាអាសន្ន ស្ដីពីការវិវត្តចុងក្រោយនៅអាហ្វហ្គានីស្ថានកាលពីរសៀលថ្ងៃអាទិត្យ ហើយលោកបានជំរុញឱ្យប្រឆាំងនឹងការទទួលស្គាល់ឯកតោភាគីថា តាពួកលីបង់ជារដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ អាល្លឺម៉ង់បានបិទស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកាប៊ុល ហើយបាននិយាយថា ខ្លួនបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន។ ប្រេសិតពិសេសរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Ekho Moskvy កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងដកបុគ្គលិកប្រហែល ១០០នាក់ជាបន្ទាន់ពីស្ថានទូតរបស់ខ្លួននៅអាហ្វហ្គានីស្ថាន។ ចំណែកទួរគីបាននិយាយថា ខ្លួននឹងរក្សាស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកាប៊ុល ហើយបន្តផ្តល់ជំនួយដល់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសដែលចង់ចាកចេញ។ រីឯរដ្ឋមន្ត្រីការបរទេសចិនបានរិះគន់អាមេរិក ដែលដកខ្លួនចេញពីអាហ្វហ្គានីស្ថានតក់ក្រហល់ពេក៕
អត្ថបទ៖ សុខមាន