
នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង និងចិន បានចូលរួមជុំដំបូងនៃកិច្ចប្រជុំការទូត និងសន្តិសុខ ស្របតាមកិច្ចព្រមព្រៀងដែលប្រទេសទាំង ២ បានបង្កើតឡើងកាលពីខែមុន ។
កិច្ចប្រជុំរៀបចំឡើងនៅទីក្រុងសេអ៊ូល ដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kim Hong-kyun និងសមភាគីចិនរបស់គាត់លោក Sun Weidong ហើយនិងត្រូវបានចូលរួមដោយក្រុមមន្រ្តីការពារជាតិជាន់ខ្ពស់មកពីភាគីទាំង ២ ។
គួរឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្រ្តីចិនលោក Li Qiang បានឯកភាពឲ្យមានកិច្ចប្រជុំ និងចាប់ផ្តើមឡើងវិញកិច្ចចរចាលើពាណិជ្ជកម្មសេរី ពេលដែលពួកគេជួបគ្នាកាលពីខែមុននៅក្នុងទីក្រុងសេអ៊ូល សម្រាប់កិច្ចប្រជុំកំពូល ដែលរួមមានសមភាពចូលរួមពីជប៉ុនផងដែរ ។
កិច្ចប្រជុំលើកនេះដែរ គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់កូរ៉េខាងជើង ដែលបង្ខំឲ្យទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតោន ព្រមានថា ការផ្លាស់ប្តូរយោធាបន្ថែមទៀត នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ។
លោក Yoon បានជំរុញឲ្យចិន និងរុស្ស៊ីដើរតួវិជ្ជមានជាងនេះ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្របពេលដែលទីក្រុងព្យុងយ៉ាង កំពុងប្រជែង ដើម្បីជំរុញសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ៕