ភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់សាធារណរដ្ឋសិង្ហបុរី នៅរសៀលថ្ងៃទី១៨ ខែមិថុននេះ សម្ដេចធីបតីនាយករដ្ឋមន្រ្ដី និងគណៈប្រតិភូកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំកំពូលបរស់ប្រទេសសិង្ហបុរី និងបានចូលរួមកម្មវិធីសំខាន់ៗមួយចំនួនទៀត។
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីនារសៀលនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមដាក់ឈ្មោះ Vanchoanthe Hun Manet លើផ្កាអរគីដេ (Orchid Naming Ceremony) នៅសួនផ្កាអរគីដេជាតិ (National Orchid Garden) របស់ប្រទេសសិង្ហបុរី។ បន្ទាប់ពីបានចូលរួមពិធីដាក់កម្រងផ្កា សម្ដេចធិបតី បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការរៀបចំដោយ ឯកឧត្តម ឡរ៉េន វ៉ុង Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។
នៅរសៀនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអញ្ជើញជួបជាមួយ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងជំនួបទ្វេភាគី សម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
បន្ទាប់មកសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងពិធីចុះហត្ថលេខាលើឯកសារចំនួន ២ ទៀត រួមមាន ទី១ កិច្ចព្រមព្រៀងអនុវត្តស្តីពីកិច្ចសហការឥណទានកាបូន និងទី២ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល។
បន្ទាប់ពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលរួចមក នៅល្ងាចថ្ងៃដដែលនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមអាហារពេលល្ងាចផ្លូវការ រៀបចំដោយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរីផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ធ្វើឡើងចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរីនេះ។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបញ្ជាក់ បានបញ្ជាក់ថា ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
ឯកឧត្តមបន្តថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏មានកម្មវិធីសំខាន់ៗមួយចំនួនទៀត ក្នុងនោះមាន ជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី, ជំនួបសម្តែងការគួរសម ដោយ ឯកឧត្តម លី ស៊ាងឡុង (Lee Hsien Loong) ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី និងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត ព្រមទាំងអញ្ជើញទស្សនាអគារហេដ្ឋរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel របស់ប្រទេសសិង្ហបុរីផងដែរ។
សូមជម្រាបថាកន្លងមកនេះទំនាក់ទំនង កម្ពុជា-សិង្ហបុរី បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍ជាដើម។ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-សិង្ហបុរី បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់៕
អត្ថបទ៖ វ៉ន ដារ៉ា









