អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៨ មិថុនា) ថាខ្លួនមិនអាចចែកចាយជំនួយនៅតំបន់ហ្កាហ្សាស្ទ្រីប ពីច្រកកេរឹម ស្ហាលូម (Kerem Shalom) ដែលគ្រប់គ្រងដោយអ៊ីស្រាអែលបានទេ ដោយសារភាពគ្មានច្បាប់ និងការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនស្រេកឃ្លាននៅក្នុងតំបន់នេះ ទោះបីជាអ៊ីស្រាអែល ផ្អាកសកម្មភាពយោធានៅពេលថ្ងៃក៏ដោយ។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ ថានឹងមានការផ្អាកជារៀងរាល់ថ្ងៃនៅក្នុងការវាយប្រហាររបស់ខ្លួនចាប់ពីម៉ោង ៨ ព្រឹកម៉ោងក្នុងស្រុក (០៥:០០ ម៉ោងសកល) ហើយនៅតែមានសុពលភាពរហូតដល់ម៉ោង ៧ យប់ម៉ោងក្នុងស្រុក(១៦:០០ ម៉ោងសកល) រហូតដល់មានការជូនដំណឹងបន្ថែមនៅតាមបណ្តោយផ្លូវចាប់ពីអ៊ីស្រាអែល តាមច្រក កេរឹម ស្ហាលូម ទៅកាន់ផ្លូវ សាឡាហ្វ អាល់ឌីន (Salah al-Din) និងឆ្ពោះទៅភាគខាងជើងក្នុងតំបន់ហ្កាហ្សា។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ហ្វាហាន ហាក (Farhan Haq) បាននិយាយថា អង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះជំហាននេះ ប៉ុន្តែបានបន្ថែមថា «នេះមិនមានន័យថាជំនួយបន្ថែមទៀតដល់មនុស្សដែលត្រូវការនៅឡើយទេ»។

ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមជាងប្រាំបីខែមុនមក ជំនួយសម្រាប់ជនជាតិប៉ាឡេស្ទីន ២,៣ លាននាក់បានចូលជាចម្បងតាមរយៈច្រកពីរចូលទៅភាគខាងត្បូងហ្កាហ្សា គឺច្រកព្រំដែន រ៉ាហ្វា (Rafah) ពី អេហ្ស៊ីប និងច្រក កេរឹម ស្ហាលូម ពីអ៊ីស្រាអែល។ ប៉ុន្តែការចែកចាយត្រូវបានរំខាននៅពេលដែលអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង រ៉ាហ្វា កាលពីខែមុន ជាមួយនឹងគោលបំណងកម្ចាត់អង្គភាពដែលនៅសេសសល់របស់ក្រុមហាម៉ាស៕