
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធនេះ ដោយដកស្រង់ពីអង្គភាពសេវាព័ត៌មានរបស់កងទ័ពជើងទឹកថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កងនាវាភាគខាងជើងប្រទេសរុស្ស៊ី បានបាញ់មីស៊ីលតម្រង់គោលដៅ ទៅលើគោលដៅសមុទ្រ ជាផ្នែកនៃសមយុទ្ធនៅសមុទ្រ Barents។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់កងនាវាភាគខាងជើង បានអនុវត្តការបាញ់មីស៊ីលជាក់ស្តែង ទៅលើគោលដៅ ក្នុងសមុទ្រ Barents។
ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សេវឺរ៉ូដវីនស៍(Severodvinsk) និងនាវា Orel បានបាញ់មីស៊ីលតម្រង់គោលដៅ Kalibr និង Granit ក្នុងចម្ងាយប្រហែល១៧០គីឡូម៉ែត្រ ទៅលើគោលដៅដែលក្លែងប្រដូចការពិតទៅនឹងការចូលចតរបស់នាវាសប្បនិម្មិតរបស់សត្រូវ ។
សារព័ត៌មាន Interfax បាននិយាយថា យោងតាមទិន្នន័យពិនិត្យគោលបំណង សមយុទ្ធប្រយុទ្ធនេះ បានបញ្ចប់ទៅដោយជោគជ័យ។ អាវុធមីស៊ីល ដែលបានប្រើប្រាស់ បានបញ្ជាក់ជាថ្មីពីលក្ខណៈដើមរបស់វា និងភាពជឿជាក់ខ្ពស់។
តំបន់បាញ់មីស៊ីល ត្រូវបានបិទជាមុនចំពោះការដឹកជញ្ជូនផ្នែកស៊ីវិល និងជើងហោះហើរអាកាសចរណ៍។
សមុទ្រ Barents ស្ថិតក្នុងមហាសមុទ្រអាកទិក ស្ថិតនៅឆ្នេរសមុទ្រភាគខាងជើង ប្រទេសន័រវេស និងរុស្ស៊ី ហើយត្រូវបានបែងចែក រវាងដែនទឹកប្រទេសន័រវេស និងរុស្ស៊ី។