
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ការអត្ថាធិប្បាយរបស់ប្រមុខអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg)ថា សម្ព័ន្ធភាពយោធានេះ កំពុងរៀបចំកិច្ចពិភាក្សាស្តីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀត គឺជា«ការបង្កើនភាពតានតឹង»។
លោក ស្តូលថិនប៊ឺក បានប្រាប់សារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេសថា សមាជិកអង្គការណាតូ កំពុងពិគ្រោះយោបល់អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដោយយកពួកវាចេញពីកន្លែងផ្ទុក ហើយដាក់ពួកវាឲ្យត្រៀមចាំទប់ទល់ការគំរាមកំហែងកាន់តែខ្លាំងឡើងពីរុស្ស៊ី និងចិន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក ស្តូលថិនប៊ឺក ហាក់ដូចជាផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលចេញក្នុងសន្និសីទចុងសប្តាហ៍ នៅប្រទេសស្វ៊ីស ដែលបាននិយាយថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នៅក្នុងបរិបទអ៊ុយក្រែន គឺមិនអាចទទួលយកបានទេ។
កិច្ចពិភាក្សាដែលបានធ្វើឡើងតាមការស្នើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ត្រូវបានចាត់ទុកថាជា«កិច្ចប្រជុំកំពូលសន្តិភាព» ទោះបីជាទីក្រុងមូស្គូ មិនត្រូវបានអញ្ជើញឲ្យចូលរួមក៏ដោយ។
លោក Peskov បាននិយាយអំពីការលើកឡើងរបស់លោកអគ្គលេខាធិការអង្គការណាតូថា៖ «នេះមិនមានអ្វី ក្រៅពីការកើនឡើងនៃភាពតានតឹងមួយទៀតទេ»។