
រូបភាពវីដេអូឃ្លីបដែលថតបាននៅថ្ងៃពុធនេះ ឃើញបាតអាងស្តុកទឹក រីងបែកក្រហែង និងស្រកទឹកច្រើន នៅទីក្រុង Jinan ខេត្ត Shandong ស្របពេលដែលគ្រោះរាំងស្ងួតវាយប្រហារខេត្តរបស់ចិនមួយនេះ ។
ក្រុមអាជ្ញាធរខេត្ត Shandong បានប្រកាសអាសន្នអាកាសធាតុកម្រិតពណ៌លឿងទុំនៅព្រឹកថ្ងៃពុធនេះ ស្របពេលដែលទីក្រុងជាច្រើន ប្រឈមនឹងសីតុណ្ហភាពកើនឡើងដល់ជាង ៣៧អង្សាសេ ។
ពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Jinan និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គ្រោះរាំងស្ងួត បានកើតមានអស់រយៈជាង ១ខែមកហើយ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចេញការឆ្លើយតបគ្រាអាសន្នកម្រិតទី ៣ ចំពោះគ្រោះរាំងស្ងួតនៅខេត្ត Hebei, Shanxi, Shandong និងខេត្ត Henan ។
Xinhua រាយការណ៍ថា ក្រុមអាជ្ញាធរចិន មានប្រព័ន្ធឆ្លើយតបគ្រាអាសន្នគ្រោះរាំងស្ងួតចំនួន ៤កម្រិត ក្នុងនោះកម្រិតទី ១ គឺជាកម្រិតគ្រាអាសន្នធ្ងន់ធ្ងរបំផុត ។
ប្រទេសចិន កំពុងប្រឈមនឹងអាកាសធាតុធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍ បានបង្កការជន់លិចនៅតំបន់ភាគខាងត្បូង ហើយរលកកម្តៅខ្លាំង វាយប្រហារតំបន់ភាគខាងជើង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលកសិកម្ម ៕