សន្តិសុខប៉ាឡេស្ទីន និងប្រភពពីផ្នែកវេជ្ជសាស្ត្រ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់បុគ្គលិកសន្តិសុខប៉ាឡេស្ទីន ១០នាក់ដែលជិះរថយន្តដឹកទំនិញ ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅទីក្រុង រ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។

ប្រភពក្នុងតំបន់ និងសាក្សីដែលឃើញផ្ទាល់ភ្នែក បានប្រាប់សារព័ត៌មានស៊ីនហួថា យន្តហោះអ៊ីស្រាអែលបានកំណត់គោលដៅបុគ្គលិកសន្តិសុខមួយក្រុម ដែលការពារទំនិញពាណិជ្ជកម្ម នៅភាគខាងកើតនៃ ទីក្រុងរ៉ាហ្វា។
ស្របពេលជាមួយគ្នានោះ ប្រភពពីខាងផ្នែកវេជ្ជសាស្ត្រ បាននិយាយថា សាកសពរបស់អ្នកស្លាប់ ក៏ដូចជាអ្នករបួសជាច្រើននាក់ទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យអឺរ៉ុបហ្កាហ្សា។

កងទ័ពអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតឲ្យទំនិញពាណិជ្ជកម្មពីតំបន់វេសបែង ចូលទៅក្នុងតំបន់ឡោមព័ទ្ធដែលហែកហួរដោយសង្គ្រាមភាគខាងត្បូង បន្ទាប់ពីមានការសម្របសម្រួលពីមុន។ នេះបើយោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន។
ឧប្បត្តិហេតុនេះ គឺជាលើកទី២ ក្នុងរយៈពេលពីរថ្ងៃ ខណៈកាលពីយប់ថ្ងៃចន្ទ មនុស្សយ៉ាងតិច ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកំណត់គោលដៅទៅលើបុគ្គលិកសន្តិសុខដែលការពារទំនិញពាណិជ្ជកម្ម។