
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានស្វាគមន៍ក្នុងប្រទេសវៀតណាមជាមួយនឹងការវន្ទនា កាំភ្លើង២១ដើម ក្នុងពិធីយោធាមួយ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេដឹកនាំកំពូលរបស់ប្រទេសមួយដែលគ្រប់គ្រងដោយកុម្មុយនីស្ត បានសាទរចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយទីក្រុងមូស្គូ ហើយបានប្តេជ្ញាបង្កើនទំនាក់ទំនងថែមទៀត។
ប្រធានាធិបតីវៀតណាម លោក To Lam បានអបអរសាទរចំពោះលោក ពូទីន ក្នុងការបោះឆ្នោតឡើងវិញរបស់លោក និងបានកោតសរសើរចំពោះសមិទ្ធិផលរបស់រុស្ស៊ី រួមទាំង «ស្ថិរភាពនយោបាយក្នុងស្រុក» ដូចដែលលោកទាំងពីរ បានជួបគ្នា នៅទីក្រុងហាណូយ។
លោក Lam បាននិយាយថា៖«ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះសមមិត្តរបស់យើង សម្រាប់ការទទួលបានការគាំទ្រដ៏លើសលប់ ក្នុងអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលថ្មីៗនេះ ដោយគូសបញ្ជាក់ពីជំនឿទំនុកចិត្តរបស់ប្រជាជនរុស្ស៊ី»។
លោក ពូទីន បានឆ្លើយតបដោយនិយាយថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយវៀតណាម គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានារបស់ប្រទេសរុស្ស៊ី។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា លោក គោរពការសន្ទនាជាមួយប្លុកក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដែលលោកបានបញ្ជាក់ថា ប្រទេសវៀតណាម បានដើរតួនាទីយ៉ាងសកម្ម។
លោក ពូទីន ដែលបានមកដល់នៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ គឺជាការឈប់សម្រាកចុងក្រោយនៃដំណើរទស្សនកិច្ចប្រទេសចំនួនពីរ នៅអាស៊ី បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយនឹង កូរ៉េខាងជើង។
ការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាមសម្រាប់លោក ពូទីន បានទាក់ទាញការរិះគន់ពីដៃគូសំខាន់របស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយកាលពីឆ្នាំមុន និងជាទីផ្សារនាំចេញសំខាន់របស់វៀតណាម។