
វិធានការសុវត្ថិភាពសុខភាព បានដាក់នៅតាមទីកន្លែងសម្រាប់កម្មករនៅការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រោមដី ស្ថិតនៅមជ្ឈមណ្ឌល Piazza Venezia ក្នុងទីក្រុងរ៉ូម ស្របពេលដែលរលកកម្តៅលើកដំបូងនៃរដូវក្តៅ វាយប្រហារប្រទេសអ៊ីតាលី ។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមកម្មករព្យាយាមធ្វើឲ្យខ្លួនឯងត្រជាក់នៅកន្លែងមានម្លប់ និងនៅមុខកង្ហា ស្របពេលដែលសីតុណ្ហភាពនៅក្នុងរដ្ឋធានីប្រទេសអ៊ីតាលីមួយនេះ កើនឡើងដល់ ៣៩អង្សាសេ ។
លោក Luigi Antonio Gargiulo គឺជាវិស្វករ និងជាអ្នកសម្របសម្រួលសុវត្ថិភាពនៅការដ្ឋានសាងសង់រថភ្លើងក្រោមដី និយាយថា រាល់ម៉ោង ពួកគេត្រូវតែសម្រាក ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ ។
លោកថា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ កម្មករប្រហែល ៨០នាក់នៅការដ្ឋានត្រូវតែចែកវេនគ្នាសម្រាក ផឹកទឹក និងជ្រកក្រោមម្លប់ ។
លោក Gargiulo និយាយទៀតថា នេះគឺជាស្ថានភាពថ្មី ប៉ុន្តែខ្ញុំគិតថា ពេលដែលរលកកម្តៅមានរយៈពេលយូរពេក ប្រហែលជាកម្មករត្រូវឈប់ធ្វើការសិនហើយ ដើម្បីចៀសផុតពីជំងឺសូរិយារោគ និងផលវិបាកសុខភាពផ្សេងទៀត ៕