បណ្តាក្រុមហ៊ុនការីទេសចរណ៍កម្ពុជា បានបង្ហាញប្តេជ្ញាចិត្ត ខិតខំផ្សព្វផ្សាយគោលដៅទេសចរក្នុងស្រុក និងក្រៅស្រុក រៀបចំកញ្ចប់ទេសចរលក់ក្នុងតម្លៃសមរម្យ ដើម្បីជំរុញកំណើនចលនាលំហូរទេសចរជាតិ អន្តរជាតិបន្ថែមទៀត។
នៅក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍នៅខេត្តហៃណានប្រទេសចិន បណ្តាក្រុមហ៊ុនការីទេសចរណ៍នៅកម្ពុជា បានថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែមិថុនានេះថា ដោយមានកិច្ចសហការគ្នាល្អរវាងបណ្តាអាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងស្រុក និងក្រៅស្រុក បញ្ចុះតម្លៃសេវាកម្មខ្លួនជូនដល់បណ្តាការីទេសចរណ៍កម្ពុជា គឺបានជំរុញបណ្តាក្រុមហ៊ុនការីទេសចរណ៍ ច្នៃប្រឌិត និងរៀបចំកញ្ចប់ទេសចរណ៍លក់ក្នុងតម្លៃសមរម្យ ដើម្បីជំរុញទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិកក់ទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តនៅក្នុងប្រទេស និងចេញទៅក្រៅប្រទេស។
ទន្ទឹមនឹងការផ្សព្វផ្សាយលក់កញ្ចប់ខែ្សទស្សនៈកិច្ចនេះដែរ បណ្តាការីទេសចរណ៍ ក៏បានរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រណិតៗ ជំរុញការផ្តល់សេវាល្អប្រកបផាសុកភាព សុវត្ថិភាព ផ្តល់ចំណេះដឹងល្អៗផ្នែកខាងទំនៀមទំលាប់ ជំនឿ សាសនា ការរស់នៅ ការអភិវឌ្ឍ និងការរីកចំរើន នៅក្នុងសង្គមជាតិ អន្តរជាតិបច្ចុប្បន្ន។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងទេសចរណ៍រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរបានចេញទេសចរនៅក្រៅប្រទេសប្រមាណជាង៥៨ម៉ឺននាក់។ ដោយឡែកទេសចរអន្តរជាតិមកចូលទស្សនាប្រទេសកម្ពុជាប្រមាណជាង ២លាននាក់។ នៅក្នុងតួលេខកំណើនកំណើនលំហូរទេសចរណ៍នេះ គឺមានភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិមួយចំនួនធំបានទិញកញ្ចប់ទេសចរណ៍ពីកម្ពុជា ចេញទៅទស្សនានៅក្រៅប្រទេស ហើយក៏មានភ្ញៀវទេសចរអន្តរជាតិជាច្រើន បានកក់ទិញកញ្ចប់ទេសចរណ៍ត្រៀមមកទស្សនាកម្ពុជានៅក្នុងអំឡុងខែតុលានេះរហូតដល់ខែមេសាឆ្នាំ២០២៥ ដែលរដូវ High Season៕ អត្ថបទ ស៊ុម សុខជា







