
ក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់ Rheinmetall បានទទួលការបញ្ជាទិញដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដើម្បីផ្គត់ផ្គង់ដល់យោធាអាល្លឺម៉ង់ ជាមួយនឹងគ្រាប់រំសេវកាំភ្លើងធំមានតម្លៃរហូតដល់ ៨,៥ ពាន់លានអឺរ៉ូ (៩,១ ពាន់លានដុល្លារ)។
កិច្ចព្រមព្រៀង ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ជំនួសកិច្ចព្រមព្រៀងក្របខ័ណ្ឌមុន ដែលបានចុះហត្ថលេខា ក្នុងខែកក្កដា ឆ្នាំ ២០២៣ ដែលមានតម្លៃអតិបរមាទាបជាងចំនួន ១,៣ពាន់លានអឺរ៉ូ។
កិច្ចព្រមព្រៀងនេះ មិនបានបញ្ជាក់ពីចំនួនគ្រាប់ធុន ១៥៥ មីល្លិម៉ែត្រទេ ប៉ុន្តែចំនួនសរុបទំនងជានឹងកើនដល់រាប់លានគ្រាប់។
ការផលិតគ្រាប់កាំភ្លើងធំ ធ្វើឡើងជាចម្បង នៅរោងចក្ររបស់ក្រុមហ៊ុន Rheinmetall ក្នុងទីក្រុង អាន់ធឺឡែស (Unterlüss) ភាគខាងជើងប្រទេសអាល្លឺម៉ង់។
គ្រាប់រំសេវនេះ មានគោលបំណងដើម្បីបំពេញស្តុក ដែលបាត់បង់របស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ហើយសមាមាត្រដ៏ធំនៃចំនួននេះ ក៏ត្រូវបញ្ជូនទៅប្រទេសអ៊ុយក្រែនផងដែរ។
កងកម្លាំងអ៊ុយក្រែន បានទទួលគ្រាប់រំសេវពីប្រទេសអាល្លឺម៉ង់រួចហើយ ហើយការបញ្ជូនមកបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើង នៅពេលអនាគត ដើម្បីផ្គត់ផ្គង់ប្រទេសនេះ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។