មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានការពារការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនៅតំបន់ឈូងសមុទ្រមួយនេះ សម្រាប់ធម្មយាត្រាបុណ្យហាជី បន្ទាប់ពីប្រទេសជាច្រើន បានរាយការណ៍ថា មានអ្នកស្លាប់ជាង១.១០០នាក់ ដែលភាគច្រើនស្លាប់ដោយសារកម្តៅក្តៅខ្លាំង។

សារព័ត៌មាន AFP បានសរុបចំនួនអ្នកស្លាប់កាលពីថ្ងៃសុក្រ ដោយចងក្រងសេចក្តីថ្លែងការណ៍ផ្លូវការ និងរបាយការណ៍ពីអ្នកការទូតដែលពាក់ព័ន្ធទៅនឹងការឆ្លើយតបថា ចំនួនអ្នកស្លាប់មានរហូតដល់ ១.១២៦នាក់ ដែលច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់ មកពីប្រទេសអេហ្ស៊ីប។

មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ពីអ្នកស្លាប់ចំនួន៥៧៧នាក់សម្រាប់រយៈពេល២ថ្ងៃដ៏មមាញឹកបំផុតនៃពិធីបុណ្យហាជី កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលដែលអ្នកដើរធម្មយាត្រា បានមកប្រមូលផ្តុំគ្នាច្រើនម៉ោងក្នុងការធ្វើអធិស្ឋានក្រោមកម្តៅព្រះអាទិត្យ នៅទីក្រុងមីណា។
ពិធីបុណ្យហាជី គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមទាំងអស់ ដែលមានមធ្យោបាយ ត្រូវតែបំពេញពិធីបុណ្យនេះយ៉ាងហោចណាស់ម្តងមុនពេលពួកគេស្លាប់។
មន្ត្រីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយមុននេះថា អ្នកធ្វើធម្មយាត្រាចំនួន១,៨លាននាក់ បានចូលរួមនៅឆ្នាំនេះ ជាចំនួនសរុបប្រហាក់ប្រហែលទៅនឹងឆ្នាំមុន ហើយ១,៦ លាននាក់មកពីបរទេស។