អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែគោរពតាមការដាក់ទណ្ឌកម្មរបស់ UN លើកូរ៉េខាងជើង បន្ទាប់ពីប្រទេសទាំង២ ក្នុងសប្តាហ៍នេះ បានធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបានយល់ព្រមផ្តល់ជំនួយយោធាភ្លាមៗ ប្រសិនបើប្រទេសទាំង២ ប្រឈមនឹងការឈ្លានពានដោយប្រដាប់អាវុធ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៩ ខែមិថុនា កើតមានឡើងបន្ទាប់ពីមានការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ទីក្រុងព្យុងយ៉ាងបានផ្ទេរអាវុធទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ដែលប្រទេសនេះបានលុកលុយកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នោះ។

បណ្ដាអ្នកការទូតបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំគ្នានៅថ្ងៃទី២៨ ខែមិថុនា ស្តីអំពីកូរ៉េខាងជើង តាមសំណើរបស់សហរដ្ឋអាមេរិក បារាំង អង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន ដែលចង់ពិភាក្សាអំពីការផ្ទេរអាវុធរបស់ទីក្រុងព្យុងយ៉ាង ព្រោះបានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា។
ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ UN ចាប់តាំងពីឆ្នាំ២០០៦ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន ហើយវិធានការទាំងនោះត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ី។
កាលពីថ្ងៃទី២១ ខែមិថុនា លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា៖ «មានទណ្ឌកម្មដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងកូរ៉េខាងជើង។ ដូច្នវ រាល់ទំនាក់ទំនងដែលប្រទេសណាមួយមានជាមួយកូរ៉េខាងជើង ក្នុងនោះរួមទាំងសហព័ន្ធរុស្ស៊ីផងដែរ ត្រូវតែគោរពទាំងស្រុងនូវទណ្ឌកម្មទាំងនោះ»។
បេសកកម្មរបស់រុស្ស៊ីប្រចាំ UN បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Guterres នេះទេ៕