ប្រជាជនស៊ូដង់ជាង ១០លាននាក់ក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេ ជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបញ្ចេញនៅថ្ងៃទិវាជនភៀសខ្លួនពិភពលោក ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី២០ខែមិថុនាថ្មីៗនេះ។
តួលេខចុងក្រោយ ចេញផ្សាយដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិក្នុងខែនេះបង្ហាញថា ប្រជាជនស៊ូដង់ជាង ១០លាននាក់បានភៀសខ្លួនចេញពីការប្រយុទ្ធនៅក្នុងប្រទេសរបស់ពួកគេចាប់តាំងពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងយោធាគាំទ្ររហ័សប៉ារ៉ា RSF បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំមុន។
ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងរដ្ឋធានី ខាទុំ (Khartoum) ហើយបន្ទាប់មកបានរីករាលដាលដល់តំបន់ផ្សេងទៀត និងបន្តរហូតមកដល់សព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសអាហ្វ្រិកខាងជើងមួយនេះ ធ្លាក់ក្នុងវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។
ជនភៀសខ្លួនជាច្រើននាក់ដែលរត់គេចចេញពីតំបន់សង្គ្រាម បាននាំគ្នាទៅកាន់កំពង់ផែស៊ូដង់ដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF នៅភាគឦសាន។ ទីក្រុងកំពង់ផែនៅលើសមុទ្រក្រហម ឥឡូវនេះមានមជ្ឈមណ្ឌលជនភៀសខ្លួនសរុបចំនួន ១១២ ដែលនីមួយៗអាចផ្ទុកមនុស្សពី ២០០ ទៅ ៣០០ នាក់។
ស្រី្តម្នាក់ឈ្មោះ ម៉ាហាស៊ីន អាលី (Mahasin Ali) ដែលដើមឡើយរស់នៅក្នុងរដ្ឋធានីខាទុំ កំពុងស្នាក់នៅក្នុងជំរំតង់មួយនៅមជ្ឈមណ្ឌលជនភៀសខ្លួនជាមួយគ្រួសាររបស់អ្នកស្រី បានប្រាប់ទូរទស្សន៍កណ្តាលចិន (CCTV) ថា អ្នកស្រីគ្មានការងារធ្វើ ហើយគ្មានប្រភពចំណូល៕

