នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកបានកំពុងផ្អាកការដឹកជញ្ជូនសព្វាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសរបស់លោក។ លោក Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា រយៈពេលបួនខែកន្លងទៅនេះ មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែលពីសហរដ្ឋអាមេរិក។

លោក Netanyahu លើកឡើងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីកម្ទេចក្រុម ហាម៉ាស។ លោក Netanyahu បានចេញផ្សាយសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយ កាលពីថ្ងៃអង្គារសប្តាហ៍មុន អំពីល្បឿននៃការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងបែបនេះ។

សារព័ត៌មានAP រាយការណ៍ថា ភាពប្រេះឆារវាង លោក Netanyahu និងទីក្រុង Washington ផ្តល់ឱ្យលោកនូវឱកាសដើម្បីបង្ហាញមូលដ្ឋានរបស់លោកថា លោកមិនជំពាក់គុណសហរដ្ឋអាមេរិកនោះទេ ហើយលោកកំពុងដាក់ផលប្រយោជន៍របស់អ៊ីស្រាអែល ជាមុន។ ប៉ុន្តែ អ្នកវិភាគនិយាយថា ការបង្ហាញការមិនសប្បាយចិត្តម្តងហើយម្តងទៀតរបស់លោក អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin អំពីប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន រាយការណ៍ថា មនុស្សប្រាំនាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើច្រកទ្វារធំភាគខាងកើតនៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ។
មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅក្នុងតំបន់នេះ បានកើនឡើងដល់ ៣៧.៥៩៨ នាក់។