បន្ទាប់ពីកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់តិចតួចអស់ជាច្រើនសប្តាហ៍ កសិករនៅប្រទេសចិន គ្មានជម្រើសអ្វីក្រៅពីប្រមូលយកទឹកពីបំពង់ទឹកបន្តិចបន្តួច ដើម្បីស្រោចស្រពលើវាលពោតដែលស្ងួតហួតហែងនៅក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេសចិន។

សីតុណ្ហភាពខ្ពស់ខ្លាំងមិនធ្លាប់មានបានវាយលុកពាសពេញភាគពាយ័ព្យ និងភាគខាងកើតរបស់ចិន ដែលជាតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់ ក្នុងអំឡុងពេលរដូវសាបព្រួសពោតដ៏សំខាន់ ដែលគំរាមកំហែងដល់ការទប់ស្កាត់ការផលិត នៅក្នុងប្រទេសផលិតនិងប្រើប្រាស់គ្រាប់ធញ្ញជាតិធំបំផុតទីពីររបស់ពិភពលោក។

ប្រទេសចិន ដែលជាអ្នកនាំចូលពោតលំដាប់លេខ១ របស់ពិភពលោក បានផលិតពោត ២៨៨,៨ លានតោនកាលពីឆ្នាំមុន ហើយមានបំណងចង់បង្កើនបន្ថែមទៀតដើម្បីសម្រេចបាននូវសន្តិសុខស្បៀង ប៉ុន្តែបម្រែបម្រួលអាកាសធាតុកំពុងបង្កឱ្យមានបញ្ហាប្រឈមធំចំពោះដំណាំ។

ក្រសួងកសិកម្មបានព្រមាននៅសប្តាហ៍នេះថា គ្រោះរាំងស្ងួតកំពុងប៉ះពាល់ដល់ការសាបព្រួស និងការរីកលូតលាស់នៃដំណាំថ្មី។ ទីក្រុងប៉េកាំង បានបែងចែកថវិកាចំនួន ៤៤៣ លានយ័ន (៦១,១ លានដុល្លារ) សម្រាប់ការងារបង្ការគ្រោះរាំងស្ងួត ដូចជាការស្រោចទឹក ការដាំឡើងវិញ និងការបន្ថែមជីនៅក្នុងខេត្តចំនួនប្រាំពីរទូទាំងប្រទេស។
ទិន្នផលគ្រាប់ធញ្ញជាតិទាបក្នុងប្រទេសនាំចូលធញ្ញជាតិកំពូលរបស់ពិភពលោកនេះនឹងជំរុញឱ្យមានការទិញកាន់តែខ្ពស់ពីអ្នកនាំចេញដូចជាប្រេស៊ីល សហរដ្ឋអាមេរិក និងអាហ្សង់ទីន ដែលជួយជំរុញតម្លៃដំណាំពិភពលោក និងអតិផរណាអាហារ៕