ជាច្រើនថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានប្រកាសផ្អាកប្រយុទ្ធជារៀងរាល់ថ្ងៃនៅលើផ្លូវសំខាន់មួយដើម្បីអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ភាពវឹកវរនៅក្នុងទឹកដីហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះបានធ្វើឱ្យការផ្គត់ផ្គង់សំខាន់ៗត្រូវបានប្រមូលផ្តុំគរលើគ្នា និងមិនត្រូវបានចែកចាយក្នុងរដូវក្តៅដ៏ក្តៅគគុក។

ជាងប្រាំបីខែនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល បាននាំឱ្យមានស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងការព្រមានម្តងហើយម្តងទៀតរបស់អង្គការសហប្រជាជាតិអំពីគ្រោះទុរ្ភិក្ស។

ភាពអស់សង្ឃឹមក្នុងចំណោមប្រជាជនហ្កាហ្សា ២,៤ លាននាក់ បានកើនឡើងខ្លាំងនៅពេលដែលការប្រយុទ្ធគ្នាកាន់តែក្តៅគគុក ដែលបង្កឱ្យមានការព្រមានពីបណ្ដាភ្នាក់ងារជាច្រើនថាពួកគេមិនអាចផ្តល់ជំនួយបានទេ។ អ៊ីស្រាអែលនិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ចូល និងបានអំពាវនាវឱ្យទីភ្នាក់ងារបង្កើនការចែកចាយ។

ការិយាល័យអង្គការសហប្រជាជាតិ OCHA បាននិយាយថា «ទន្ទឹមនឹងការប្រយុទ្ធគ្នា សកម្មភាពឧក្រិដ្ឋកម្ម រួមទាំងហានិភ័យនៃការលួច និងប្លន់ បានប៉ះពាល់ដល់ជំនួយមនុស្សធម៌ទៅកាន់ទីតាំងសំខាន់ៗ»។ ប៉ុន្តែអ៊ីស្រាអែលនិយាយថា ខ្លួនបានអនុញ្ញាតឱ្យរថយន្តដឹកជំនួយជាងមួយពាន់គ្រឿងចូលហ្កាហ្សាភាគខាងត្បូងរួចហើយ ដោយបន្ទោសអង្គការសហប្រជាជាតិ ពីមូលហេតុដែលជំនួយត្រូវគរចោល ហើយកង្វះការចែកចាយគឺជាមូលហេតុពីក្រោយភាពអត់ឃ្លាននៅហ្កាហ្សា។
ជាមួយនឹងភាពសណ្តាប់ធ្នាប់ស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា អង្គការសហប្រជាជាតិនិយាយថាខ្លួនមិនអាចទទួលយកការផ្គត់ផ្គង់ណាមួយពីច្រក កេរឹម ស្ហាលូម (Kerem Shalom) បានទេចាប់តាំងពីថ្ងៃអង្គារ សប្ដាហ៍មុន ដោយធ្វើឱ្យជំនួយត្រូវជាប់គាំង៕