
សារព័ត៌មានរដ្ឋកូរ៉េខាងជើង រាយការណ៍ថា នៅថ្ងៃចន្ទនេះ មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការបង្កើនជំនួយយោធាដល់អ៊ុយក្រែន ដែលជាការបង្ហាញការគាំទ្រទីក្រុងម៉ូស្គូ នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ។
លោក Pak Jong Chon គឺជាមន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើង បានព្រមានពីការឆ្លើយតបប្រកបដោយសក្តានុពលពីទីក្រុងម៉ូស្គូ បើសិនជាសហរដ្ឋអាមេរិក ជំរុញអ៊ុយក្រែនឲ្យធ្វើសង្រ្គាមជំនួសជាមួយរុស្ស៊ី ដែលវាអាចឈានទៅរកសង្រ្គាមលោកថ្មី ។
លោកថ្លែងបែបនេះ ចង់សំដៅលើសេចក្តីអត្ថាធិប្បាយរបស់មន្ទីរបច្ចកោណកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន អាចប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក វាយប្រហារលើកងកម្លាំងរុស្ស៊ីនៅកន្លែងណាឆ្លងកាត់ព្រំដែន ចូលទៅក្នុងទឹកដីរុស្ស៊ី ។
កិច្ចព្រមព្រៀងកាលពីពេលថ្មីៗរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលបានប្រកាសអំឡុងដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងព្យុងយ៉ាង បញ្ជាក់ថា ប្រទេសទាំង ២ នឹងផ្តល់ជំនួយយោធាភ្លាមៗ ក្នុងករណីដែលមានការឈ្លានពានលើប្រទេសណាមួយ ក៏ដូចជាជំរុញពាណិជ្ជកម្មអាវុធរវាងប្រទេសទាំង ២ និងពង្រឹងសម្ធ័ន្ធមិត្តរបស់ពួកគេ ប្រឆាំងសហរដ្ឋអាមេរិក ។
ទីក្រុងវ៉ាស៊ីងតោន និងទីក្រុងសេអ៊ូល មានក្តីកង្វល់ចំពោះកិច្ចសហប្រតិបត្តិការយោធាកើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ហើយនិងបានចោទប្រកាន់ពួកគេថា បានបំពានរួចទៅហើយលើច្បាប់អន្តរជាតិ តាមរយៈការធ្វើពាណិជ្ជកម្មអាវុធ ដើម្បីប្រើប្រាស់ប្រឆាំងអ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធន៍ចោលអំណះអំណាងបែបនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃតែមួយដោយក្រសួងការបរទេសក្រុងសេអ៊ូល ក្រុមមន្រ្តីមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានថ្កោលទោសយ៉ាងខ្លំាងក្លាចំពោះទំនាក់ទំនងយោធាដ៏ស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី ៕
