កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ជាប្រធានគណៈកម្មការ បានចុះពិនិត្យការផ្តល់សេវាសុខាភិបាល ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ព្រមទាំងការអនុវត្តច្បាប់និងគោលនយោបាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨។
លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានលើកឡើងពីគោលបំណងរបស់គណៈកម្មការនៅក្នុងការចុះបេសកកម្មនាពេលនេះ គឺស្វែងយល់ និងតាមដានការអនុវត្តន៍ច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានសំណូមពរឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក វិទ្យាស្ថានបណ្តុះបណ្តាល និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ អោយពង្រឹងការអប់រំផ្សព្វផ្សាយពីជំងឺមិនឆ្លង សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឆ្លើយតបតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន ព្រមទាំងពង្រឹងការអនុវត្តគោលនយោ បាយនិងគោលនយោបាយឱ្យមានប្រសិទ្ធិភាពច្បាប់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ទាក់ទងនឹងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលទាក់ទងនឹងវិស័យនឹងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៨ អំពីសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ ការចុះឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ និងស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ បង្កើតសមាគមមនុស្សវ័យចាស់គ្រប់ឃុំ-សង្កាត់ទាំង៧១ ការផ្តល់ប្រឹក្សាយោបល់ផ្លូវចិត្ត ច្បាប់ ករណីអំពើហិង្សាក្នុងគ្រួសារ និងរៀបចំវេទិកាអប់រំផ្សព្វផ្សាយនានា ព្រមជាមួយនឹងបញ្ហាប្រឈមមួយចំនួនដែលខេត្តកំពុងជួបប្រទះនៅក្នុងវិស័យទាំងនេះផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា












