បាល់ទាត់៖ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិករបស់ Chelsea, Michy Batshuayi នៅតែមិនអាចងើបមុខរួចនៅ Stamford Bridge ក្រោយ Chelsea បញ្ចេញឱ្យក្លិបទួរគី Besiktas ខ្ចីពេញមួយរដូវកាលនេះ។

ការចាកចេញរបស់ខ្សែប្រយុទ្ធបារាំង Olivier Giroud ទៅធ្វើឱ្យតំណែងប្រយុទ្ធរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះកាន់តែកប់ជ្រៅ បន្ទាប់ពីការមកដល់របស់មិត្តរួមជាតិ Romelu Lukaku។ នេះជាការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងលើកទី៥ ហើយនៅ Chelsea តាំងពីមកដល់ Stamford Bridge នៅឆ្នាំ២០១៦។ មកដល់ភ្លាមលេងបាន ១រដូវកាល Michy Batshuayi ស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៤៨លើក ហើយក៏ចាកចេញក្នុងលក្ខខណ្ឌខ្ចីទៅកាន់ Dortmund, Valencia, Crystal Palace ពីររដូវកាល និងចុងក្រោយនេះ Besiktas។
កិច្ចសន្យារបស់កីឡាករប៊ែលហ្ស៊ិករូបនេះ ដែលដំបូងនឹងអស់សុពលភាពនៅដំណាច់រដូវកាលថ្មីនេះនោះ Chelsea ក៏បានបន្តរហូតដល់ឆ្នាំ២០២៣ ដើម្បីបញ្ចៀសការចាកចេញដោយមិនបានអ្វីសោះនៅខែកក្កដាឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ