ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃចន្ទថា មន្ត្រីនគរបាលប្រទេសកេនយ៉ាដំបូងគេ ដែលត្រូវបានចាត់តាំងឱ្យជួយទប់ស្កាត់អំពើហឹង្សារបស់ក្រុមជនអន្ធពាលពុំអាចគ្រប់គ្រងបាន នៅក្នុងប្រទេសហៃទី កំពុងចាកចេញពីប្រទេសកេនយ៉ា នៅថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ហើយនឹងទៅដល់ប្រទេសហៃទី នៅសប្តាហ៍នេះ ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខមហាផ្ទៃ និងរដ្ឋបាលជាតិ របស់ប្រទេសកេនយ៉ា លោក រ៉ាយម៉ុន អូម៉ូឡូ(Raymond Omollo) បានបង្ហោះរូបថតរបស់ក្រុមកងកម្លាំងនគរបាល ដែលធ្វើដំណើរទៅកាន់ប្រទេសហៃទី នៅក្នុងយន្តហោះ កាលពីថ្ងៃចន្ទ។ នៅក្នុងការបង្ហោះ លោក Omollo បានជូនពរក្រុមនេះ ឲ្យមានសុវត្ថិភាព និងជោគជ័យ ខណៈពួកគេដឹកនាំបេសកកម្មចម្រុះជាតិសាសន៍ ដែលនឹងជួយស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

ប្រទេសកេនយ៉ា បានស្ម័គ្រចិត្ត កាលពីខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំកងកម្លាំងអន្តរជាតិ ជួយទប់ស្កាត់អំពើហិង្សានៅក្នុងប្រទេសតំបន់ការ៉ាអ៊ីប ជាកន្លែងដែលក្រុមជនអន្ធពាល គ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី ព័រ អូប្រាំង(Port-au-Prince) ដែលបានប្រព្រឹត្តការសម្លាប់រាលដាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ។

ការដាក់ពង្រាយនេះ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយសារតែបញ្ហាប្រឈមជាមួយតុលាការ និងការធ្វើឱ្យចុះខ្សោយផ្នែកសន្តិសុខនៅក្នុងប្រទេសហៃទី ដែលកាលពីខែមីនា បានបង្ខំឱ្យនាយករដ្ឋមន្ត្រីស្តីទី លាលែងពីតំណែង។
ប្រធានាធិបតី លោក វីលៀម រូតូ កាលពីថ្ងៃចន្ទ បានចាប់ផ្តើមដាក់ពង្រាយក្រុមនគរបាលចំនួន ៤០០ នាក់ដំបូង សម្រាប់បេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសហៃទី។
លោក Ruto បានបង្ហាញទំនុកចិត្តថា ភាគីប្រទេសកេនយ៉ា រួមជាមួយនឹងប្រទេសផ្សេងទៀត មកពីបណ្តាប្រទេសដែលរួមចំណែក នឹងជួយក្នុងការនាំយកមកវិញនូវសន្តិភាពយូរអង្វែង នៅក្នុងប្រទេសហៃទី ដែលរងគ្រោះដោយជម្លោះ។