អភិបាលខណ្ឌ៧មករា បានប្តេជ្ញាបន្តបម្រើលើការផ្តល់សេវាឯកសារសាធារណៈជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានតម្លាភាព និងប្រសិទ្ធិភាពបំផុត ។
ការប្តេជ្ញារបស់លោក ថេង សុថុល អភិបាលខណ្ឌ ថ្លែងឡើងបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខណ្ឌបានឱ្យដឹងថា ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនេះពុំមែនជាកិច្ចការងារថ្មីទេ គឺជាកាតព្វកិច្ចចាំបាច់ ដែលថ្នាក់រដ្ឋបាលខណ្ឌ និងនៅតាមបណ្តាសង្កាត់ក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយឈរផ្អែកលើស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ សម្រាប់ការបម្រើ និងបំពេញជូនពលរដ្ឋឱ្យមានប្រសិទ្ធិភាព ក្នុងរជ្ចកាលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។
ប្រជាពលរដ្ឋដែលបានទៅទទួលសេវា នៃការធ្វើឯកសារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការផ្តល់សេវារបស់ក្រុមមន្ត្រីក្នុងរដ្ឋបាលខណ្ឌ៧មករា ដោយមានការរុះរាយរាក់ទាក់ ហើយឯកសារមានការធ្វើលឿនរហ័ស និងមិនមានការតម្រូវឱ្យបង់ប្រាក់កាសលើសសៀវភៅបន្ទុកដូចដែលច្បាប់បានកំណត់នោះឡើយ ។
ក្រៅពីកិច្ចការងារផ្តល់សេវាលើតម្រូវការឯកសារនេះដែរ រដ្ឋបាលខណ្ឌ៧មករា ក្នុងអាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ និងក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាល គឺនឹងបន្តដាក់ចេញនូវកិច្ចការងាររដ្ឋបាលជាច្រើនទៀត ពិសេសការពង្រឹងឱ្យបានខ្ពស់លើបញ្ហាសន្តិសុខ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរស់នៅប្រកបដោយភាពសុខុដុមរមនាផងដែរ៕ អត្ថបទ ៖ លីហេង , រូបភាព ៖ កុម្ភះ






