គេហទំព័រ Wikileaks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃចន្ទថា ស្ថាបនិករបស់ខ្លួន លោក ជូលៀន អាស្សាញ(Julian Assange) មានសេរីភាព បន្ទាប់ពីបុរសវ័យ៥២ឆ្នាំរូបនេះ បានឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនឹងបញ្ចប់ការជាប់ពន្ធនាគាររបស់លោកនៅក្នុងចក្រភពអង់គ្លេស ហើយ នឹងអនុញ្ញាតឱ្យលោកត្រឡប់ទៅកាន់លំនៅឋាននៅប្រទេសអូស្ត្រាលីវិញ។

លោក Assange ត្រូវបានចោទប្រកាន់ ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Donald Trump ជុំវិញការចេញផ្សាយឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក នៅលើគេហទំព័រ WikiLeaks ដែលត្រូវបានបែកធ្លាយដោយ លោក ឈែលស៊ី ម៉ាននីង(Chelsea Manning) អតីតអ្នកវិភាគចារកម្មយោធារបស់សហរដ្ឋអាមេរិក ជាអ្នកដែលត្រូវបានកាត់ទោសផងដែរក្រោមច្បាប់ចារកម្ម។
លោក Assange បានយល់ព្រមផ្តល់ចម្លើយពីភាពមានទោស ចំពោះបទចោទប្រកាន់ព្រហ្មទណ្ឌ ហើយត្រូវកំណត់ពេលកាត់ទោសនៅក្នុងសវនាការមួយនៅលើកោះ Saipan នៅម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃពុធ ទី២៦ ខែ មិថុនា។ លោក ត្រូវបានគេរំពឹងថា នឹងមិនប្រឈមមុខការជាប់ពន្ធនាគារជាថ្មីនោះទេ ហើយបានទទួលទោសរួចហើយរយៈពេល៥ឆ្នាំ នៅក្នុងពន្ធនាគារចក្រភពអង់គ្លេស។
យោងតាមសេចក្តីថ្លែងការណ៍របស់គេហទំព័រ Wikileaks បានឲ្យដឹងថា លោកនឹងត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីសវនាការ ។ គេហទំព័រ Wikileaks និយាយនៅលើបណ្តាញ X ថា លោកអាស្សាញ បានចាកចេញពីពន្ធនាគារមានសន្តិសុខខ្ពស់ ប៊ែលម៉ាស(Belmarsh) កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីបានជាប់នៅទីនោះរយៈពេល១.៩០១ ថ្ងៃ។
គេហទំព័រ បាននិយាយបន្ថែមថា ការដោះលែងនេះ គឺជា លទ្ធផលនៃយុទ្ធនាការជាសកល ដែលមានចាប់ពី អ្នករៀបចំថ្នាក់តំបន់ អ្នកធ្វើយុទ្ធនាការសេរីភាពសារព័ត៌មាន សមាជិកសភា និងមេដឹកនាំ មកពីគ្រប់មជ្ឈដ្ឋាននយោបាយ និងគ្រប់មធ្យោបាយ ទៅកាន់អង្គការសហប្រជាជាតិ។