អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ក្នុងអាណត្តិទី៤នេះ ដែលមកពីគណបក្សនយោបាយច្រើន កំពុងខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីស្មារតីបញ្ឈប់ការប្រកាន់និន្នាការគ្នាទៅវិញទៅមក។
ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា អ្នកតាមដានសង្គម និងនយោបាយ បានឱ្យដឹងថា ផ្អែកតាមច្បាប់រដ្ឋធម្មនុញ្ញ កម្ពុជាជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានគណបក្សនយោបាយច្រើនក្នុងស្ថាប័នថ្នាក់ក្រោមជាតិ ពិតជាឆ្លុះបញ្ចាំងពីភាពល្អប្រសើរ ដោយសារនេះក៏មានឆន្ទះដែលប្រជាពលរដ្ឋចង់បាន និងចង់ឃើញការធ្វើកំណែទម្រង់។
លោកបណ្ឌិតលើកឡើងថា ក្នុងអាណត្តិទី៤នេះ គណបក្សនយោបាយជាប់ជាសមាជិកក្រុមប្រឹក្សាមានច្រើនជាងអាណត្តិមុនៗ ប៉ុន្តែចំណុចសំខាន់គណបក្សនយោបាយទាំងអស់ត្រូវរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ដោយបន្តស្មារតីបញ្ឈប់ការរើសអើងគ្នាទៅវិញទៅមក ដោយប្រកាន់យកតែការបំពេញតួនាទីរបស់ខ្លួនក្នុងស្ថាប័នសាធារណឈរលើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
ទន្ទឹមគ្នា សមាជិកក្រុមប្រឹក្សាដែលចាប់ផ្តើមចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់រដ្ឋបាលខណ្ឌ៧មករានៅថ្ងៃនេះបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងគាំទ្រលើសមភាពយេនឌ័របន្ថែមទៀត ដើម្បីស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា យោងតាមច្បាប់របស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតមកដល់ពេលនេះ តាមបណ្តារាជធានី-ខេត្តជាច្រើន មានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ បានចាប់ផ្តើមកិច្ចប្រជុំសាមញ្ញ និងលើកទី១របស់ខ្លួនជាបណ្តើរៗ ក្នុងការជំរុញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ អត្ថបទ សេក ឧត្តម



