កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ត្រូវបានឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន១៤១គ្រួសារ ។
ក្នុងឱកាសនាំយកអំណោយនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ធ្វើយ៉ាងណាឱ្យសមទៅនឹងអ្វីដែលបងប្អូនបានធ្វើពលីកម្ម និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារ បូរណភាពទឹកដី និងសេចក្តីសុខសាន្តប្រជាជន។
អំណោយត្រូវឧបត្ថម្ភនាឱកាសនោះ បានផ្ដល់ជូនចំនួន ១៤១ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀល អង្ករចំនួន ៣០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕






