ប្រជាជនអ៊ីរ៉ង់ នឹងជ្រើសរើសប្រធានាធិបតីនៅថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍នេះ នៅក្នុងការបោះឆ្នោតដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង បន្ទាប់ពីការស្លាប់របស់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន ជាមួយនឹងលទ្ធផលរំពឹងថានឹងមានឥទ្ធិពលលើការស្នងតំណែងបន្តពីលោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

ដោយលោក ខាមីណេ ឥឡូវនេះមានវ័យចំណាស់ ៨៥ ឆ្នាំហើយនោះ ប្រធានាធិបតីបន្ទាប់ទំនងជានឹងចូលរួមយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការចុងក្រោយនៃការជ្រើសរើសអ្នកស្នងតំណែងបន្តពីលោក ខាមីណេ ដែលបានធានាថាបេក្ខជនមានទស្សនៈប្រកាន់ជំហរតឹងដូចខ្លួន គ្របដណ្តប់លើការប្រកួតប្រជែងប្រធានាធិបតី។

ការបោះឆ្នោតនេះ កើតឡើងស្របពេលជាមួយនឹងកំណើនភាពតានតឹងក្នុងតំបន់ ដោយសារជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ការបង្កើនសម្ពាធរបស់លោកខាងលិចលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន និងការមិនពេញចិត្តក្នុងប្រទេសកាន់តែខ្លាំងឡើងជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ ការស្នងតំណែងបន្តពីលោក ខាមីណេ ដែលជាអ្នកប្រឆាំងលោកខាងលិចដ៏ខ្លាំងក្លា គឺជាកង្វល់ដ៏លើសលប់ក្នុងចំណោមឥស្សរជនបុព្វជិតរបស់អ៊ីរ៉ង់។ ក្រុមប្រឹក្សាអាណាព្យាបាល បានអនុម័តបេក្ខជនប្រកាន់ជំហរតឹងចំនួន ៥ នាក់ និងបេក្ខជនកាន់ជំហរកណ្ដាលជាន់ទាបម្នាក់ ពីបេក្ខភាពដំបូងចំនួន ៨០ នាក់។
លោក ខាមីណេ មិនបានគាំទ្របេក្ខជនណាមួយជាសាធារណៈទេ។ ទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សារបស់លោកឈ្មោះ យ៉ាយ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) បានជំរុញអ្នកបោះឆ្នោតឱ្យជ្រើសរើស «ប្រធានាធិបតីដែលទស្សនៈមិនផ្ទុយនឹងមេដឹកនាំកំពូល»៕