
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានព្រមានពីការកើតផលវិបាកជាអវិជ្ជមាន សម្រាប់ពិភពលោក ប្រសិនបើប្រទេសនានា បែងចែកគ្នាផ្នែកសេដ្ឋកិច្ច ខណៈពេលដែលលោកតបតទៅនឹងការរិះគន់ ដែលថា គោលនយោបាយឧស្សាហកម្មរបស់ប្រទេសលោក បាននាំទៅរកសមត្ថភាពផ្គង់ផ្គង់លើសចំណុះ។
នៅឯកិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នាថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ នៅភាគឦសានទីក្រុង Dalian លោក Li បាននិយាយថា៖ «សកម្មភាពតបមកវិញនៃការកាត់ផ្ដាច់ទំនាក់ទំនង នឹងគ្រាន់តែទាញពិភពលោកចូលទៅក្នុងមហន្តរាយតៗគ្នា ដែលការប្រកួតប្រជែងដ៏ស្រួចស្រាល់ ដើម្បីដណ្ដើមចំណែកកាន់តែធំ ត្រូវបញ្ចប់ត្រឹមការទទួលបាននូវការថយចុះ។ នេះគឺជាអ្វីដែលយើងមិនចង់ឃើញនោះឡើយ»។
ជាមួយគ្នានេះ លោក Li ក៏បានការពារប្រទេសជាតិរបស់លោកប្រឆាំងនឹងការអះអាង ដែលថា ប្រទេសនេះកំពុងធ្វើឲ្យទំនិញតម្លៃថោកៗមានពាសពេញពិភពលោក ដោយពោលសរសើរដល់សមត្ថភាពរបស់ប្រទេសខ្លួន លើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការកសាងនូវ «ដំណាក់កាលដ៏ធំទូលាយមួយ ដើម្បីឲ្យសហគ្រាស បន្តនវានុវត្តន៍ និងធ្វើឲ្យប្រសើរឡើងនូវផលិតផលរបស់ពួកគេ។ ហើយលោកបានបន្ថែមថា៖ «ការរុករកមិនគួរត្រូវបានគេមើលឃើញថា ជាប្រកួតប្រជែងដើម្បីឈ្នះចាញ់នោះទេ»។

គួរបញ្ជាក់ថា ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីកាណាដាមានចំណាត់ការទប់ស្កាត់ការនាំចូលរថយន្តអគ្គិសនី (EV) ដែលផលិតដោយប្រទេសចិន ដោយការធ្វើបែបនោះស្របតាមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden លើពាណិជ្ជកម្មនេះ។ ហើយសហភាពអឺរ៉ុប (EU) ក៏មានគម្រោងដំឡើងពន្ធលើរថយន្ត EV ដែលនាំចូលពីប្រទេសចិនផងដែរ៕