ស្វាយរៀង ៖ លោកស្រី ឥន្ទ ណាគ្រី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង តាមរយៈBTV ព័ត៌មាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានក្រើនរំឭកយុវជនគ្រប់ជំនាន់ឲ្យភ្ញាក់រឭក និងស្រឡាញ់វប្បធម៌ជាតិខ្លួនឯង។
លោកស្រី ឥន្ទ ណាគ្រី បានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការអភិវឌ្ឍ និងអនុវត្តលើវិស័យវប្បធម៌ គឺមនី្ទរវប្បធម៌ ខេត្តស្វាយរៀង បានធ្វើការបង្ហាត់របាំគ្រប់ទម្រង់ ជូនសិស្សានុសិស្សនៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមិនគិតថវិកា នៅមនី្ទរវប្បធម៌ខេត្ត។ ក្រៅពីនោះមន្រី្តជំនាញ ក៏បានសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងមន្រី្តភូមិបាល ទាំង៨ស្រុក-ក្រុង ចុះវាស់វែងដីទីទួលបុរាណ និងធ្វើប្លង់ជាកម្មសិទិ្ធដីទ្រព្យសម្បតិ្តរដ្ឋ ដែលជាសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ។ ក្នុងនោះមនី្ទរវប្បធម៌ខេត្ត បានធ្វើឯកសារ ដែលធ្វើកម្មសិទិ្ធដីធ្លីរួចរាល់បានចំនួន៣៦០ប្លង់ ហើយយើងក៏កំពុងចុះធ្វើសកម្មភាពរាល់ថ្ងៃជាមួយអាជ្ញាធរទាំង៨ស្រុក ក្រុង និងជាពិសេសការងារការពារ ថែរក្សាដីទីទួលបុរាណដ្ឋាន ក្នុងនោះយើងបានចុះបញ្ជីកំណត់ព្រំ បោះបង្គោលការពារ បានចំនួន៥៥បង្គោលផងដែរ។
លោកស្រី ឥន្ទ ណាគ្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមន្រី្តជំនាញ បានចុះប្រមូលវត្ថុបុរាណ នៅតាមទីវត្តអារាម និងទីសាធារណៈ បានចំនួន១៧១ផ្ទាំង ដើម្បីយកមកអភិរក្ស ថែរក្សាទុក នៅក្នុងឃ្លាំងសារមនី្ទរខេត្តស្វាយរៀងផងដែរ។ ដូច្នេះដើម្បីជាកិច្ចតបស្នងដល់បុព្វបុរសយើង យើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សីលធម៌ ឱ្យបានជាដាច់ខាត៕
អត្ថបទ៖ រដ្ឋា















