
អ្នកភូមិនៅស្រុក Nashik ស្ថិតក្នុងតំបន់ភាគខាងលិចប្រទេសឥណ្ឌា នាំគ្នាជីកអណ្តូងទឹក ស្របពេលដែលពួកគេប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរនៅក្នុងតំបន់ ។
អ្នកស្រុករស់នៅក្នុងភូមិ Sirsa ស្ថិតក្នុងអនុតំបន់ Baglan បានដើររៃអង្គាសប្រាក់ពីផ្ទះមួយទៅផ្ទះមួយ ដើម្បីជួលគេឲ្យជីកអណ្តូង ។
អ្នកភូមិម្នាក់ និយាយថា ភូមិរបស់ពួកគេគ្មានទឹកផឹកនោះទេ ដូច្នេះហើយពួកគេបានសម្រេចចិត្តចាប់ផ្តើមជីកអណ្តូង ។
គួរឲ្យដឹងថា តំបន់ជាច្រើននៅទូទាំងប្រទេសឥណ្ឌា បានជួបប្រទះរដូវក្តៅស្ងួតរយៈពេលយូរពុំធ្លាប់ដែលមានពីមុនមក ធ្វើឲ្យអ្នកស្រុកស៊ូទ្រាំការលំបាកជាខ្លាំងក្នុងការឈានដល់តម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ ស្របពេលដែលរលកកម្តៅកាន់តែក្តៅខ្លាំងជាងមុន ។
ស្រុកភាគខាងលិច Nashik ស្ថិតនៅក្នុងចំណោមស្រុករងផលប៉ះពាល់ខ្លាំងបំផុតដោយសាររលកកម្តៅ ធ្វើឲ្យវិបត្តិទឹកប្រើប្រាស់កាន់តែធ្ងន់ធ្ងរខ្លាំង ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងតំបន់អាស៊ី ក្នុងរយៈពេល ១ខែកន្លងមកនេះ បានកាន់តែអាក្រក់ទៅដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕