
រដ្ឋបាលរបស់លោក Joe Biden កំពុងស៊ើបអង្កេតក្រុមហ៊ុន China Mobile, China Telecom និង China Unicom ជុំវិញការព្រួយបារម្ភថា ក្រុមហ៊ុននេះអាចទាញយកការចូលប្រើទិន្នន័យអាមេរិកតាមរយៈក្លោដ និងអាជីវកម្មអ៊ីនធឺណេតរបស់សហរដ្ឋអាមេរិក ដោយផ្តល់វាឲ្យដល់ទីក្រុងប៉េកាំង។ នេះបើតាមប្រភពចំនួន៣ ដែលដឹងពីបញ្ហានេះ និងបានប្រាប់សារព័ត៌មាន Reuters។
ដោយបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែការស៊ើបអង្កេតនេះ មិនត្រូវបានបញ្ចេញជាសាធារណៈ បុគ្គលទាំងនោះបាននិយាយថា អាជ្ញាធរនៅក្រសួងពាណិជ្ជកម្ម កំពុងធ្វើការស៊ើបអង្កេតដែលមិនត្រូវបានរាយការណ៍ពីមុនមកទេ។ ពួកគេបានកោះហៅក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋ ហើយបានបញ្ចប់ «ការវិភាគផ្អែកលើហានិភ័យ» របស់ក្រុមហ៊ុន China Mobile និង China Telecom ប៉ុន្តែមិនមានភាពជឿនលឿន ក្នុងការស៊ើបអង្កេតរបស់ពួកគេលើក្រុមហ៊ុន China Unicom នោះទេ។
ក្រុមហ៊ុនទាំងនោះ នៅតែមានវត្តមានតិចតួចនៅក្នុងសហរដ្ឋអាមេរិក ជាឧទាហរណ៍ ការផ្តល់សេវាក្លោដ និងបញ្ជូនចរាចរណ៍អ៊ីនធឺណេតអាមេរិកលក់ដុំ។ នោះបានផ្តល់ឲ្យពួកគេនូវការចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ទោះបីជានិយតករទូរគមនាគមន៍ បានរារាំងក្រុមហ៊ុនមិនឲ្យផ្តល់សេវាអ៊ីនធឺណិតតាមទូរស័ព្ទ និងលក់រាយ នៅសហរដ្ឋអាមេរិកក៏ដោយ។
ក្រុមហ៊ុនចិន និងមេធាវីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់ពួកគេ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ ចំណែកក្រសួងយុត្តិធម៌ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះដែរ ហើយសេតវិមានបានបង្វែរសំណួរទៅកាន់ក្រសួងពាណិជ្ជកម្ម ដែលមិនឆ្លើយតបដូចគ្នា។ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនឹង «បញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិន ក្រោមលេសក្លែងក្លាយ» ដោយបន្ថែមថា ប្រទេសចិន នឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន៕