តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជទបទ ជាសេនាធិការ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះមានផ្លូវចាក់បេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ពលរដ្ឋនៅទីជនបទ ក៏ដូចជាការដឹកជញ្ជូនកសិផល ជាពិសេសនៅក្នុងរដូវវស្សានេះ ។
នៅក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ និងជួបសំណេះសំណាល ជាមួយពលរដ្ឋរស់នៅអមសងខាងផ្លូវ ស្ថិតក្នុងភូមិជ្រោយស្លែង ភូមិជើងបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាម ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតដល់រាជរដ្ឋាភិបាលទី៧ នៅតែចាត់ទុក និងដាក់ចូលវិស័យនេះ នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបនុ្តថា មួយវិញទៀត ការអភិវឌ្ឍផ្លូវជនបទ ដើម្បីតភ្ជាប់រវាងទីជនបទ និង ទីប្រជុំជន ឬទីក្រុង ឱ្យកាន់តែខិតជិតគៀកគ្នា ពលរដ្ឋងាយស្រួលធ្វើដំណើរទៅមក ជាពិសេស ការនាំយកកសិផល ឬផលិតផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាប់រហ័ស ។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ ការប្រែក្លាយផ្លូវជនបទ ដែលពីមុនមាន សភាពភក់ជ្រាំ លំបាកក្នុងការធ្វើដំណើរនេះ វាជួយកាត់បន្ថយពេលវេលា ថវិកា មានសុវត្ថិភាព មិនបង្កការរំខាន សម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និងប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ កាន់តែឆាប់រហ័សជាងមុន ដែលទាំងនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល មិនថាត្រឹម តែនៅខេត្តតាកែវ មួយប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេស ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែទាំ កុំដឹកលើសទម្ងន់កម្រិតកំណត់ មិនកាយកាប់គាស់ផ្លូវ មិនចង់សត្វពាហនៈលើផ្លូវ ឬចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ដែលធ្វើឲ្ឱ្យមានទឹកដក់ ពេលមានភ្លៀងម្ដង បង្កឲ្យខូចផ្លូវជាដើម ។
គួរបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែ ដែលគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃនេះ អនុវត្តស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ មាន ប្រវែង ៤ ៩០០ម៉ែត្រ ប្រភពថវិកាពីរាជរដ្ឋាភិបាល ស្ថាបនាដោយកងវិស្វកម្មលេខ១៨១ របស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ៕
អត្ថបទ បាន សុខរិទ្ធិ











