កាលពីពេលថ្មីៗនេះ លោកស្រី ហ៊ាង អូមួយ នាយកប្រតិបត្តិនៃក្រុមហ៊ុន Asia Digital Technology Innovation (ADITI) និងជាស្ថាបនិកនៃប្រព័ន្ធអេកូ ដែលរួមបញ្ចូលបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការអប់រំបច្ចេកវិទ្យា និងការពង្រឹកសមត្ថភាពស្រ្ដី និងក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា បានធ្វើទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណងយ៉ាងមុតមាំដើម្បីជំរុញវិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ទៅកាន់ជួរមុខនៃឆាកឌីជីថលនៅអាស៊ី។
គំនិតផ្តួចផ្តើមនេះ ត្រូវបានសម្រេចធ្វើឡើងដោយដើរស្របតាមចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឱ្យមានភាពរីកចម្រើន ហើយក៏ស្របតាមបេសកកម្មរបស់លោកស្រី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ដជាមួយក្រុមហ៊ុនបរទេស ដើម្បីបើកឱកាសការងារពីចម្ងាយ សម្រាប់ធនធានបច្ចេកវិទ្យានៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចនេះបានរួមបញ្ចូលកិច្ចប្រជុំជាច្រើន ពោលគឺជាច្រកនៃការបើកទ្វារជំរុញឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកើតឡើង។ ក្នុងចំណោមកិច្ចប្រជុំទាំងនោះ លោកស្រី ហ៊ាង អូមួយ បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ជាមួយអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសបារាំង ស្វីស និងសហភាពអឺរ៉ុប ដោយទទួលបានការស្វាគមន៍ដ៏កក់ក្ដៅ និងការគាំទ្រយ៉ាងខ្លាំង។ លើសពីនេះ លោកស្រីបានជួបពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នអប់រំជាច្រើនទៀត ក្នុងគោលបំណងស្វែងរកយុទ្ធសាស្រ្ដពង្រឹងកិច្ចសហការ និងពាំនាំការងារពីចម្ងាយមកឱ្យវិស្វករបច្ចេកវិទ្យានៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានផ្ដើមពីទីក្រុងប៉ារីសរួចបន្តទៅកាន់បែលហ្ស៊ិក ហូឡង់ និងស្វីស និងបញ្ចប់ត្រឹមប្រទេសលុចសំបួ។ នៅក្នុងដំណើរនោះ លោកស្រី និងក្រុមការងារបានមានឱកាសចូលរួមក្នុងពិព័រណ៍ VivaTech Expo ដែលធំបំផុតរបស់សហគមន៍អឺរ៉ុប បង្ហាញពីភាពប្តេជ្ញាដ៏មានកិត្យានុភាពរបស់កម្ពុជា ដែលមានចំពោះនវានុវត្តន៍បច្ចេកវិទ្យា។
ក្នុងឱកាសនាដំណើរទស្សនកិច្ចនេះដែរលោកស្រី ហ៊ាង អូមួយ បានចូលរួមបង្ហាញទីផ្សារបច្ចេកវិទ្យារបស់កម្ពុជាទៅកាន់ពិភពលោកបានដឹង ក្នុងព្រឹត្តិការណ៍ Luxembourg ASEAN DAY ដែលរៀបចំដោយសភាពាណិជ្ជកម្មលុចសំបួ។ តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីឯកឧត្តម នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប លោកស្រី អូមួយ បានបង្ហាញទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើន និងសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូដ៏មានសក្តានុពលនៅអឺរ៉ុប។
នៅឯប្រទេសស្វីស បន្ថែមពីលើការជួបប្រជុំកិច្ចពិភាក្សាសហប្រត្តិបត្តិការជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិ លោកស្រី អូមួយ ដែលក្នុងនាមជាផ្នែកមួយនៃ E-Trade for Women, UN Women និង UNCTAD បានមានកិត្តិយសអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាដោយបង្ហាញពីគោលបំណងក្នុងការបើកទ្វារដើម្បីតភ្ជាប់ប្រទេសកម្ពុជា ទៅកាន់បណ្ដាប្រទេសអឺរ៉ុបដើម្បីភាពរីកចម្រើននៃកំណើតសេដ្ឋកិច្ច។ លោកស្រីទទួលបានការគាំទ្រពី UNCTAD ដើម្បីសម្រេចបាននូវគោលដៅដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែក្រុមហ៊ុន និងសហគមន៍របស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ដំណើរទស្សនកិច្ចទៅកាន់បណ្ដាប្រទេសអឺរ៉ុបនេះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យឌីជីថល។ ការគាំទ្រដ៏លើសលប់ពីដៃគូអន្តរជាតិ និងស្ថាប័នខ្មែរ បង្ហាញពីសករាជថ្មីនៃកិច្ចសហការ និងឱកាស។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកស្រី អូមួយ កំពុងត្រួសត្រាយផ្លូវសម្រាប់វិស្វករបច្ចេកវិទ្យាកម្ពុជាឱ្យរីកចម្រើននៅលើឆាកអន្តរជាតិ ដែលនឹងពាំនាំប្រទេសកម្ពុជាឱ្យកាន់តែមានកេរ្តិ៍ឈ្មោះខ្លាំងនៅអាស៊ី។