
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte និងកូនប្រុស ២នាក់របស់លោក គ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតព្រឹទ្ធសភារបស់ប្រទេសនេះ នៅឆ្នាំ២០២៥។ នេះបើតាមអនុប្រធានាធិបតី លោកស្រី Sara Duterte ដែលបានប្រាប់ឲ្យដឹង នៅថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ។
អនុប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន និងជាកូនស្រីរបស់លោកអតីតប្រធានាធិបតី គឺលោកស្រី Duterte បានប្រាប់អ្នកសារព័ត៌មានថា «ពួកគាត់ចង់ចូលរួមការប្រកួតប្រជែងនេះណាស់» ដោយការនិយាយនេះកើតមានឡើងក្នុងរយៈពេលមិនដល់មួយសប្តាហ៍ក្រោយការលាលែងរបស់លោកស្រី ពីខុទ្ទកាល័យរបស់លោកប្រធានាធិបតី Ferdinand Marcos Jr និងមុខតំណែងសំខាន់មួយទៀត។
គួរបញ្ជាក់ថា មានអាសនៈចំនួន១២ ដែលនឹងត្រូវប្រកួតប្រជែង នៅក្នុងសភាជាន់ខ្ពស់របស់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២៥។ លោក Duterte បានបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក នៅឆ្នាំ២០២២។
កូនប្រុសច្បងរបស់លោក Duterte គឺលោក Paolo Duterte គឺជាសមាជិកសភា ខណៈដែលកូនប្រុសម្នាក់ទៀតរបស់លោក គឺលោក Sebastian Duterte ជាអភិបាលក្រុង Davao ភាគខាងត្បូង ដែលជាតំបន់ស្ថិតក្រោមឥទ្ធិពលរបស់គ្រួសារ Duterte។ លើសពីនេះទៀត លោកស្រី Duterte បានបន្ថែមថា លោក Sebastian Duterte ក៏គ្រោងនឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៨ ផងដែរ៕