
បន្ទាប់ពីមានការរាយការណ៍អំពីចំនួនអ្នកស្លាប់និងរបួសច្រើន ក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក ប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelensky) បានបណ្តេញលោក ឧត្តមសេនីយ៍ទោYuri Sodol ចេញពីមុខតំណែង។
លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសារវីដេអូរបស់ខ្លួនដែលបានចាក់ផ្សាយ នៅទីក្រុងគីវ កាលពីល្ងាចថ្ងៃចន្ទថា លោក Sodol នឹងត្រូវជំនួសដោយលោកឧត្តមសេនីយ៍ត្រី Andriy Hnatov ។ លោកមិនបានប្រាប់ពីហេតុផលណាមួយសម្រាប់ការបណ្តេញចេញនោះទេ។
ការិយាល័យប្រធានាធិបតីនៅទីក្រុងគីវ បានចេញផ្សាយក្រឹត្យមួយដោយលោកហ្ស៊េឡិនស្គី ស្តីពីការផ្លាស់ប្តូរបុគ្គលិក នៅក្នុងកងកម្លាំងចម្រុះ។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ នាយសេនាធិការនៃកងពលតូច Azov ដ៏ចម្រូងចម្រាស លោក Bohdan Krotevych បានដាក់ពាក្យប្តឹងលោក Sodol ពីមុនមក ។ លោកបានចោទប្រកាន់មេបញ្ជាការរូបនេះពីបទធ្វេសប្រហែស ដែលនាំឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
លោក Krotevich បានសរសេរនៅលើហ្វេសប៊ុកថា៖«គាត់បានសម្លាប់ទាហានអ៊ុយក្រែនច្រើនជាងឧត្តមសេនីយ៍រុស្ស៊ី»។ ទន្ទឹមនឹងនោះ លោកបានទាមទារឲ្យឧត្តមសេនីយ៍ទោរូបនេះ ត្រូវបានស៊ើបអង្កេតលើលទ្ធភាពសហការជាមួយរុស្ស៊ី។