ក្រុមសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលចំនួន ១៦ នាក់បានចុះហត្ថលេខាលើលិខិតមួយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ដោយព្រមានថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក នឹងរងទុក្ខវេទនា ប្រសិនបើបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា។

លិខិត ដែលបានចុះហត្ថលេខារួមគ្នា និងត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន អាស៊ីអូស (Axios) និយាយថា របៀបវារៈសេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បក្សប្រជាធិបតេយ្យគឺ «មានភាពអស្ចារ្យជាង» ធៀបទៅនឹងគោលនយោបាយលោក ត្រាំ អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ ដែលកំពុងស្វះស្វែងរកអាណត្តិទីពីរ។

ក្រុមសេដ្ឋវិទូទាំងនោះនិយាយថា ផែនការសេដ្ឋកិច្ចរបស់លោក ត្រាំ នឹងធ្វើឱ្យអតិផរណាកើនឡើង មួយផ្នែកដោយសារតែការសន្យារបស់លោកក្នុងការដំឡើងពន្ធតឹងរ៉ឹងលើការនាំចូលរបស់ចិន ដែលពួកគេនិយាយថានឹងបង្កើនថ្លៃលើទំនិញជាច្រើនសម្រាប់អ្នកប្រើប្រាស់អាមេរិក។
ពួកគេសង្កត់ធ្ងន់ថា «យើងជឿថាអាណត្តិទីពីររបស់លោក ត្រាំ នឹងជះឥទ្ធិពលអវិជ្ជមានដល់ជំហរសេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងពិភពលោក និងឥទ្ធិពលអស្ថិរភាពលើសេដ្ឋកិច្ចក្នុងស្រុករបស់សហរដ្ឋអាមេរិក»។
លោក បៃដិន និងលោក ត្រាំ ត្រូវបានជាប់គាំងក្នុងការប្រជែងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលនឹងត្រូវបានសម្រេចដោយអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិប្រកួតប្រជែងយ៉ាងជិតស្និទ្ធមួយចំនួន ពីព្រោះការបោះឆ្នោតគាំទ្ររបស់ពលរដ្ឋទាំងនោះ អាចប្រែប្រួលមិនទៀងទៅខាងគណបក្សសាធារណរដ្ឋ ឬខាងគណបក្សប្រជាធិបតេយ្យ៕