បាល់ទាត់៖ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតនឹងធ្វើការផ្លាស់ប្ដូរកីឡាករបរទេស ២រូបនៅជុំទី២ នៃលីគកំពូលកម្ពុជា ស្របពេលខ្សែប្រយុទ្ធស្នូល Abee Ngjoo Huber ត្រូវបានក្លិបប្រកាសចែកផ្លូវ ហើយទំនងផ្ទេរទៅក្លិបបឹងកេត។

តាមការបញ្ជាក់របស់តំណាងក្រុមកំពុងឈរលេខរៀងទី៩ នេះបានបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងចែកផ្លូវជាមួយកីឡាករបរទេស ២រូបហើយ ពោលគឺក្រៅពីខ្សែប្រយុទ្ធកាមេរ៉ូន Abee Huber គឺមានកីឡាករប្រេស៊ីល Magson Dourado ម្នាក់ទៀតដែលក្លិបប្រកាសផ្លូវការនាពេលឆាប់ៗខាងមុខ។ ប្រភពផ្សេងមួយទៀតបានបន្ថែមថា ការចាកចេញពីក្រុមមានមូលដ្ឋាននៅតំបន់ស្វាយជ្រំនេះ បន្ទាប់ពីកីឡាករទាំង ២រូបបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបផ្សេងៗគ្នា ក្នុងនោះ Abee Huber ត្រូវបានគេទម្លាយថា ទំនងផ្ទេរទៅក្លិបបឹងកេត ខណៈកីឡាករ Magson Dourado ទំនងផ្ទាល់ទៅក្លិបចំណូលថ្មីខេត្តព្រៃវែង។ ទន្ទឹមជាមួយការចាកចេញរបស់ខ្សែប្រយុទ្ធបរទេសទាំង ២រូបនេះ អាស៊ីអឺរ៉ុបក៏នឹងធ្វើការនាំចូលកីឡាករបរទេសថ្មី ២រូបផងដែរគឺមានខ្សែប្រយុទ្ធនីហ្សេរីយ៉ា Rasheed Omokafe Adeyanju ដែលផ្ទេរមកពីក្លិបគិរីវង់សុខសែនជ័យ និងខ្សែការពារសញ្ជាតិលីបេរីយ៉ា Johnson Manuel ដើម្បីនឹងចូលរួមជាមួយក្រុមនាជុំទី២ ខាងមុខ។
បន្ថែមលើការផ្លាស់ប្ដូរកីឡាករបរទេសនេះដែរ អាស៊ីអឺរ៉ុបក៏បានដំឡើងកីឡាករ ២រូបពីក្រុមយុវជន U18 មកក្រុមធំដើម្បីចូលរួមនៅជុំទី២ ផងដែរគឺមានខ្សែប្រយុទ្ធ ណាន ប៊ុននីន និងខ្សែការពារ ព្រំ សុរិទ្ធា ដែលត្រូវបន្ថែមលើកីឡាករ ម៉ន កក្កដា ដែលទើបជាសះស្បើយពីរបួស និងអាចចូលរួមបាននាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា បច្ចុប្បន្នអាស៊ីអឺរ៉ុបកំពុងឈរលេខរៀងទី៩ នៃលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី១១ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ ២ ស្មើ ១ និងចាញ់ ៦ រកបាន ៧ពិន្ទុ៕
អត្ថបទ៖ លី ឈុនឡា