បាត់ដំបង ៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុសសម្រាប់យុវវ័យ ដោយសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅគ្លីនិកម៉ារីស្តូបនៅបាត់ដំបងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព របស់យុវជននៅព្រះរាជាណាចក្រកម្ពុជា។
លោក ចេង លីស៊ុ លីស៊ុនឃាង អនុប្រធានមន្ទីរសុខាភិ បាលខេត្តបាត់ដំបង បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីនេះ ហើយបានលើកឡើងពីហានិភ័យធ្ងន់ធ្ងរដែលបង្កដោយជំងឺតេតាណុស រួមមានអាការៈកន្ត្រាក់សាច់ដុំខ្លាំង ការឈឺចាប់រហូតដល់រឹងថ្គាម ការប៉ះពាល់ដង្ហើម និងអាចរហូតឈានដល់ស្លាប់។ លោកបានជំរុញឱ្យអ្នកចូល រួមទាំងអស់មកទទួលវ៉ាក់សាំងបង្ការជំងឺតេតាណុស ចំនួន ៥ដូស ដើម្បីធានានូវការការពារពេញមួយជីវិត ជាពិសេសស្ត្រីក្នុងវ័យបន្តពូជចាប់ពីអាយុ ១៥ឆ្នាំ ដល់ ៤៤ឆ្នាំ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ដើម្បីការពារកំឡុងពេលសម្រាលកូន។
លោកស្រី ឡេង ស៊ីវហេង នាយិកាប្រចាំប្រទេសនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសនិងសិស្សនិស្សិតដែលអញ្ជើញចូលរួម ព្រមទាំងលើកឡើង អំពី ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាក្នុងការលើកកម្ពស់សេវាសុខភាព នៅកម្ពុជា។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានចាប់ផ្តើមបំពេញបេសកម្មនៅក្នុងព្រះរាជាណាចក្រ កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មកម្លេះ ដោយធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាលនៃកម្ពុជានិងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ក្នុងការចូលរួមកាត់បន្ថយអត្រា មរណៈភាពមាតា និងទារក តាមរយៈការផ្តល់សេវាប្រកប ដោយគុណភាពដល់ប្រជាពលរដ្ឋទាំងស្ត្រី និងបុរសនៅកម្ពុជា។ លោកស្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ហើយព្រមទាំងបានបញ្ជាក់ទៀតថា តេតាណុសគឺជាជំងឺដែល អាចការពារបានតាមរយៈការចាក់វ៉ាក់ សាំងឲ្យបានគ្រប់ដូសនិងទៀងទាត់។
លោក ឈុន ផា នរិន្ន នាយកផ្នែកទំនាក់ទំនងនិងទីផ្សារនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានលើកឡើងអំពីសេវាសំខាន់ៗរបស់គ្លីនិកម៉ារីស្តូបសម្រាប់យុវវ័យរួមមាន៖ ការប្រឹក្សាអំពីការមករដូវ ការពិនិត្យនិងព្យាបាលជំងឺកាមរោគ ការពិនិត្យរកកោសិកាបម្រុងមហារីកមាត់ស្បូន ការចាក់វ៉ាក់ សាំង ការរៀបចំផែនការគ្រួសារ ការពិនិត្យឈាម អេកូ សាស្ត្រ និងការថែទាំវេជ្ជសាស្ត្រពីចម្ងាយ។ គ្លីនិកម៉ារីស្តូបផ្តល់ជូនគ្រប់សេវាសម្រាប់ស្ត្រីគ្រប់វ័យ។ លោកបានសង្កត់ ធ្ងន់លើតួនាទី របស់សេវាថែទាំសុខភាពពីចម្ងាយ ដើម្បីលុបបំបាត់ឧបសគ្គនៃការការវិនិច្ឆ័យនិង ការមាក់ងាយក្នុង ចំណោមយុវវ័យ ដោយផ្តល់ជូននូវសេវាដែលមានសុវត្ថិ ភាពបំផុតពីចម្ងាយ រួមមាន៖ សេវារំលូតដោយសុវត្ថិភាព ស្រោមអនាម័យបុរស ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំការពារ កំណើតបន្ទាន់ និងនិងតេស្តទឹកនោមពិនិត្យមានផ្ទៃពោះ ។
កម្មវិធីចាក់វ៉ាក់សាំងនេះ ទទួលបានការគាំទ្រពីក្រសួងការ បរទេសនិងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈគម្រោង "ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវ ភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព និងមានបំណងចូលរួមជាចំ ណែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩៨ អង្គការម៉ារីស្តូបអន្តរ ជាតិកម្ពុជា បានផ្តល់សេវាសុខភាពបន្តពូជដល់ប្រជាជនកម្ពុជា តាមរយៈការសហការជាមួយក្រសួងសុខាភិបាលដោយមានគ្លីនិកចំនួន ៨ និងបណ្តាញស្ត្រីចំនួន ២៤ ទូ ទាំងប្រទេស ដែលផ្តល់សេវាស្របតាមតម្រូវការរបស់ស្ត្រី បុរស និងយុវវ័យ៕





