ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំពិធីបើការដ្ឋានជួសជុលថែទាំផ្លូវជនបទចំនួន១២ខ្សែសរុបប្រវែង១១៤.៦៥គីឡូម៉ែត្រ សាងសង់អណ្តូងស្នប់ចំនួន២០ និងប្រគល់ប្រគល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យចំនួន៣០០ឈុតជូនប្រជាពលរដ្ឋ ។ ពិធីនេះរៀបចំធ្វើឡើងចំនួន០៣ផ្សេងគ្នា ក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការអញ្ជើញចូលរួមពី
ឯកឧត្តម សុង សួរផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ , ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាយរងខេត្ត ,លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ , តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹក, តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ , អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចន្ថា មានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅកម្មវិធីជាអទិភាពចំនួន៤សំខាន់គឺ កម្មវិទី១ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ នៅជនបទ កម្មវិធីទី២ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ មានផ្នែកសុខភាព ទឹកស្អាតនិងអនាម័យជាដើម កម្មវិធីទី៣ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជួយលើកម្ពស់ជីវភាពប្រជាជនតាមជនបទឱ្យមានជិវភាពកាន់តែប្រសើរឡើង
និងកម្មវិធីទី៤ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ នៅទីជនបទ ។ ឯកឧត្តម អ៊ុន ចន្ថា បានលើកឡើងបន្តថា ក្នុងអាណ្តតិកន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការស្ថាបនាកសាងផ្លូវជនបទ ជាច្រើនពាន់គីឡូម៉ែត្រ សរុបប្រមាណ៧៥ភាគរយ នៅទូទាំងប្រទេស ហើយសម្រាប់អាណ្តតិថ្មីនេះ ក្រសួងមានទិសដៅលើការងារពង្រីកស្ថាបនាកសាងផ្លូវថ្មីចំនួនតែ៣០ភាគរយប៉ុណ្ណោះ ដោយ៧០ភាគរយទៀតគឺផ្តោតលើការងារពង្រឹងគុណភាព ជួសជុលថែទាំផ្លូវដែលបានកសាងកន្លងមកឱ្យប្រើប្រាស់បានយូរ ។ ហើយឯកឧត្តមបានបន្តថា ក្នុងការចូលរួមលើកកម្ពស់សុខភាព
អនាម័យជនបទ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តយុទ្ធនាការលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល ព្រោះថា
កង្វះអនាម័យតាមរយៈសកម្មភាពបន្ទោបង់ពាសវាលពាសកាលមានផលប៉ះយ៉ាងខ្លាំង សម្រាប់សហគមន៍ និងបណ្តាលឱ្យកម្ពុជាខាតបង់ប្រាក់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗហើយជំងឺអាចកើតឡើងចំពោះមនុស្សដោយសារការខ្វះអនាម័យ មានដូចជា ជំងឺរាក ជំងឺផ្លូវដង្ហើម ជំងឺដង្កូវ ព្រូន ជំងឺភ្នែក ជំងឺគ្រុនពោះវៀន ជំងឺសើស្បែក និងជំងឺផ្សេងៗ ព្រមទាំងបង្កជាជំងឺរោគស្ត្រីជាដើម ។ បច្ចុប្បន្ននេះខេត្ត-ក្រុង ចំនួន៧ អនុវត្តបានជោគជ័យក្នុងការលុបបំបាត់បន្ទោបង់ពាសវាលពាសកាលបានទាំងស្រុង ហើយខេត្តផ្សេងៗទៀត កំពុងបន្តជម្រុញ ។ ឯកឧត្តម អ៊ុន ចន្ថា បានលើកឡើងបន្ថែមថា ទឹកជាតម្រូវការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទ ដែលគ្មានប្រព័ន្ធទឹកស្អាតទៅដល់ និងនៅឆ្ងាយពីប្រភពទឹក ដូចនេះហើយក្រសួងអភិវឌ្ឍន៍ជនបទនៅតែខិតខំជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងពេលនេះ យើងកំពុងធ្វើការខួងសាងសង់អណ្តូងស្នប់ចំនួន២០បន្ថែមទៀតជូនប្រជាពលរដ្ឋ ។
គួរឱ្យដឹងដែរថា សម្រាប់ផ្លូវជនបទ ដែលត្រូវបើកការដ្ឋានជួសជុលថែទាំក្នុងពេលនេះរួមមាន៖
១-ជួសជុលថែទាំជាលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែ ប្រវែងសរុប១០.៣គីឡូម៉ែត្រ គឺផ្លូវថ្មបីដុំ-ជន្ទូលកូន ប្រវែង៧គីឡូម៉ែត្រ មានសាងសង់លូមូលចំនួន៣កន្លែង និងផ្លូវទួលគ្រួស-បរវង្ស-សាយ ប្រវែង៣.៣គីឡូម៉ែត្រ មានសាងសង់លូមូលចំនួន២កន្លែង។
២- ជួសជុលថែទាំជាលក្ខណៈប្រចាំ ផ្លូវក្រាលល្បាយក្រួស ចំនួន១០ខ្សែ ប្រវែងសរុប ១០៤.៣៥គ.ម
ផ្លូវបូរស្រង៉ែ ប្រវែង ៧.៧គីឡូម៉ែត្រ ក្នុងឃុំខ្នារទទឹង ស្រុកបាកាន
ផ្លូវព្រៃរោង-ទួលថ្ម-វត្តស្រោង ប្រវែង១២.៣គីឡូម៉ែត្រ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ
ផ្លូវទៀនព្រៃ ប្រវែង ១៤.៦គីឡូម៉ែត្រ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ
ផ្លូវក្បាលទាហាន-ដំណាក់ត្រយឹង ប្រវែង១៨.៥គីឡូម៉ែត្រ ក្នុងឃុំឈើតុំ ស្រុកក្រគរ និងឃុំព្រងិល ស្រុកភ្នំក្រវាញ
ផ្លូវទួលចារ-កែវមុន្នី ប្រវែង ៩.៥គីឡូម៉ែត្រ ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង និងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់
ផ្លូវបាក់ត្រា-អូរកា-ស្វាយប៉ាក ប្រវែង១៧.២៥គីឡូម៉ែត្រ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់
ផ្លូវវត្តបន្ទាយស្លោក-កំពង់សំបួរ ប្រវែង ៤.២គីឡូម៉ែត្រ ក្នុងឃុំស្រែស្នូក/ស្យា ស្រុកកណ្តៀង
ផ្លូវរលាប-ទួលគ្រួស ប្រវែង ៦.៨គីឡូម៉ែត្រ ក្នុងសង្កាត់ រលាប និងចំរើនផល ក្រុងពោធិ៍សាត់
ផ្លូវគោករំល-កោះស្វាយ (ផ្លូវវត្តស្រោង) ប្រវែង ៣.២គីឡូម៉ែត្រ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ
ផ្លូវផ្ទះរុង-ជ្រៃក្រឹម ប្រវែង ១០.៤គីឡូម៉ែត្រ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។
ចំពោះអណ្តូងស្នប់ចំនួន២០ដែលត្រូវខួងសាងសង់ជូនប្រជាពលរដ្ឋ គឺក្នុងស្រុកតាលោសែនជ័យចំនួន០៨អណ្តូង
ស្រុកកណ្តៀងចំនួន០២អណ្តូង , ស្រុកក្រគរចំនួន០៣អណ្តូង,ស្រុកភ្នំក្រវាញចំនួន០៦អណ្តូង និងក្រុងពោធិ៍សាត់ ចំនួន០១អណ្តូង ។ ហើយសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យចំនួន៣០០ឈុត ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំតាលោ ស្រុកតាលោសែនជ័យចំនួន១៧៩ ឈុត និងប្រជាពលរដ្ឋសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ចំនួន ១២១ឈុត ៕
អត្ថបទ ៖ ភិរុណ ពៅ














