
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយកាលពីថ្ងៃអង្គារថា ភាពវឹកវរ កំពុងហ៊ុមព័ទ្ធតំបន់ហ្កាហ្សា ខណៈដែលក្រុមរត់ពន្ធជាច្រើនក្រុម បានកើតឡើង និងបន្ថែមការលំបាក ក្នុងការផ្តល់ជំនួយ។
អគ្គស្នងការ UNRWA លោក Philippe Lazzarini បាននិយាយថា វាបានក្លាយទៅជាបញ្ហាដ៏លំបាក ក្នុងការផ្តល់ជំនួយ និងបានសម្តែងការព្រួយបារម្ភថា លក្ខខណ្ឌបែបនេះ នឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងហានិភ័យទុរ្ភិក្សមានកម្រិតខ្ពស់ ដែលត្រូវបានបញ្ជាក់ដោយរបាយការណ៍របស់អ្នកឃ្លាំមើលភាពស្រេកឃ្លានសកល កាលពីថ្ងៃអង្គារ។
លោក Philippe Lazzarini បានប្រាប់អ្នកយកព័ត៌មានថា៖«ជាទូទៅ យើងកំពុងប្រឈមមុខនឹងការមិនគោរពច្បាប់ និងសណ្តាប់ធ្នាប់ នាពេលបច្ចុប្បន្ននេះ» ដោយបន្ទោសថា ជាផ្នែកនៃការកើនឡើងនៃក្រុមជនអន្ធពាលដែលកំពុងវាយប្រហាររថយន្តជំនួយ ក្នុងក្តីសង្ឃឹមថា នឹងរកឃើញបារីរត់ពន្ធដែលលាក់ទុកក្នុងការផ្គត់ផ្គង់ជំនួយ។ លោកបានបន្ថែមថា«វាកាន់តែស្មុកស្មាញ(ក្នុងការផ្តល់ជំនួយ)»។
លោកបានបន្ថែមថា នគរបាលក្នុងតំបន់ កំពុងបដិសេធមិនព្រមការពារក្បួរថយន្តដឹកជំនួយ ដោយសារខ្លាចគេសម្លាប់ ខណៈដែលអ្នកបើកបររថយន្តមនុស្សធម៌ តែងតែត្រូវបានគំរាមកំហែង ឬរងការវាយដំ។