
ក្រុមអ្នកការទូតសហភាពអឺរ៉ុប (EU) និងបែលហ្ស៊ិក បានប្រាប់ឲ្យដឹងថា បណ្តាប្រទេស EU បានប្រមព្រៀងចេញកញ្ចប់ទណ្ឌកម្មលើប្រទេសបេឡារុស នៅថ្ងៃពុធ (ទី២៦ ខែមិថុនា) នេះ ជាកិច្ចប្រឹងប្រែងកាត់ផ្ដាច់ផ្លូវ ដែលរុស្ស៊ីអាចគេចចេញពីការរឹតបន្តឹង។
EU បានអនុម័តនៅសប្តាហ៍នេះនូវកញ្ចប់ទណ្ឌកម្មទី១៤ របស់ខ្លួន ដែលដាក់លើប្រទេសរុស្ស៊ី ដោយសារការលុកលុយពេញលេញរបស់ប្រទេសនេះលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលរួមមានមាត្រាដែលបង្កើនការទទួលខុសត្រូវលើក្រុមហ៊ុន EU ដែលនាំចេញតាមរយៈបណ្តាប្រទេសមិនមែន EU។
តាមរយៈបណ្ដាញសង្គម X បែលហ្ស៊ិកដែលកាន់តំណែងជាប្រធាន EU រហូតដល់ដំណាច់ខែមិថុនា បានប្រាប់ថា៖ «កញ្ចប់ទណ្ឌកម្មនេះនឹងពង្រឹងវិធានការរបស់យើង ក្នុងការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងការប្រយុទ្ធប្រឆាំងនឹងការគេចវេសពីការដាក់ទណ្ឌកម្មផងដែរ»។
ប្រធានសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា៖ «ជាមួយនឹងកញ្ចប់ទណ្ឌកម្មនេះ យើងទើបតែបានបិទនូវចន្លោះប្រហោងដ៏ធំបំផុតនៃប្រព័ន្ធទណ្ឌកម្មរបស់យើង»។
កិច្ចប្រឹងប្រែងដើម្បីបិទចន្លោះប្រហោងនៃការអនុវត្តទណ្ឌកម្ម បានមានកាន់តែខ្លាំងឡើងៗ ចាប់តាំងពីឆ្នាំមុន ហើយអ្នកការទូតបាននិយាយថា បេឡារុស គឺជាមួយ ក្នុងចំណោមចន្លោះប្រហោងដ៏ធំបំផុតផ្សេងទៀត៕