រថពាសដែកបានបើកបំបុកទ្វារវិមានរដ្ឋាភិបាលរបស់ប្រទេសបូលីវីក្នុងទីក្រុង ឡាប៉ាស(La Paz) កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប៉ុន្តែលោកប្រធានាធិបតី ល្វីស អាស់ (Luis Arce )បានប្តេជ្ញាថានឹងឈរយ៉ាងម៉ឺងម៉ាត់ និងបានតែងតាំងមេបញ្ជាការកងទ័ពថ្មីមួយរូប ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងវឹកវរនេះ។

ទាហានបានដកថយជាមួយរថយន្តយោធា ខណៈក្រុមអ្នកគាំទ្ររាប់រយនាក់របស់លោកប្រធានាធិបតី ល្វីសអាស់ បានប្រញាប់ប្រញាល់ទៅទីលានចតុរង្គខាងក្រៅវិមានប្រធានាធិបតី ដោយគ្រវីទង់ជាតិបូលីវី និងអបអរសាទរការប៉ុនប៉ងរដ្ឋប្រហារបរាជ័យ។

ប៉ុន្មានម៉ោងក្រោយមក ឧត្តមសេនីយបូលីវី ដែលទំនងជានៅពីក្រោយការបះបោរគឺ លោក ជូអាន ហូសេ ហ្ស៊ូនីកា (Juan Jose Zuniga) ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតប្រឆាំងនឹងរូបលោក។

ការបះបោរកាលពីថ្ងៃពុធ បានកើតមានឡើងក្រោយមានភាពតានតឹងជាច្រើនខែ នៅចំពោះមុខនៃការលំបាកផ្នែកសេដ្ឋកិច្ច និងការតវ៉ាចេះតែកើនឡើង ស្របពេលលោកប្រធានាធិបតីនិងសម្ព័ន្ធមិត្តរបស់លោក ដែលជាអតីតប្រធានាធិបតីឆ្វេងនិយម លោក អេវ៉ូ ម៉ូរ៉ាឡេស (Evo Morales) ប្រឹងប្រែង គ្រប់គ្រងគណបក្សកាន់អំណាច៕