អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) នេះបានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់លើការពិភាក្សាដែលកំពុងដំណើរការលើលទ្ធភាពនៃការកែប្រែគោលលទ្ធិ (គោលការណ៍) នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ដើម្បីឱ្យសមស្របនឹងលក្ខខណ្ឌផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងអន្តរជាតិ។

អនុរដ្ឋមន្ត្រីការបរទេស លោក សើហ្កេ រ្យ៉ាបខូវ (Sergei Ryabkov) ដែលត្រូវបានសម្ភាសដោយប្រព័ន្ធផ្សព្វផ្សាយ អ៊ីសវ៉េស្ទៀ (Izvestia) បានបន្ថែមថា ទីក្រុងមូស្គូ មិនបានច្រានចោលការទម្លាក់ទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសលោកខាងលិចមួយចំនួនទេ ប្រសិនបើពួកគេបរាជ័យក្នុងការផ្លាស់ប្តូរវិធីសាស្រ្ត «ប្រឆាំងរុស្ស៊ី» ចំពោះទំនាក់ទំនង។

លោក រ្យ៉ាបខូវ បានរំលឹកឡើងវិញនូវការអះអាងរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដែលកំណត់ថានៅពេលណាដែលអាវុធបែបនេះអាចប្រើប្រាស់បាន កំពុងត្រូវបានវាយតម្លៃឡើងវិញ។ លោកបានប្រាប់សារព័ត៌មាននេះថា គោលលទ្ធិត្រូវបានព្រាង «នៅក្នុងយុគសម័យផ្សេងគ្នា និងក្នុងកាលៈទេសៈផ្សេងគ្នា» ហើយលោកសង្ឃឹមថាការពិភាក្សានៅពេលនេះ «កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយគូប្រជែងរបស់រុស្ស៊ី»។

គោលលទ្ធិនោះចែងថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរ ឬក្នុងករណីមានការវាយប្រហាររួមគ្នាដែលបង្កការគំរាមកំហែងដល់រុស្ស៊ី។ លោក ពូទីន បាននិយាយនៅខែនេះថា រុស្ស៊ីមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទទួលបានជ័យជំនះនៅអ៊ុយក្រែនទេ ដែលនោះជាសញ្ញាមួយថា ជម្លោះនេះនឹងមិនកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរឡើយ៕