អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ នូវបញ្ហាគ្រឿងញៀននេះឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិបឹងដែងទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបំផុស ដាស់តឿនដល់យុវវ័យ និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុញៀន ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ ចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម នឹងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនៈវិស័យ (ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏គ្មានគ្រឿងញៀន) ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។ ផ្ទុយទៅវិញ ឯកឧត្ដម អភិបាលខេត្ត នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ។
គូសបញ្ជាក់ផងដែរថា គ្រឿងញៀនជា៣គីឡូ ត្រូវដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះផងដែរ៕




