រដ្ឋាភិបាល ដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃពុធថា ក្រុម ហ៊ូទី បានដណ្តើមយកយន្តហោះក្រុមហ៊ុនអាកាសចរណ៍យេម៉ែនចំនួន៤គ្រឿង នៅអាកាសយានដ្ឋានអន្តរជាតិ សាណា ដោយបានបង្អាក់ដល់ការធ្វើដំណើររបស់ក្រុមអ្នកធ្វើធម្មយាត្រា និងប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។

សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានអះអាង ថា ក្រុមឧទ្ទាម ហ៊ូទី បានដណ្តើមយកដោយខុសច្បាប់យន្តហោះចំនួន៣គ្រឿងពីក្រុមហ៊ុនដឹកជញ្ជូនបំពាក់ទង់ជាតិរបស់ប្រទេសកាលពីថ្ងៃអង្គារ ហើយយន្តហោះទី៤ ត្រូវបានឃាំងទុកអស់រយៈពេលប្រហែលមួយខែមកហើយ។ រដ្ឋាភិបាល និយាយថា យន្តហោះ ត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការដឹកជញ្ជូនក្រុមអ្នកធ្វើធម្មយាត្រា រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទីក្រុងសាណា ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។
សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមអ្នកធ្វើធម្មយាត្រាជនជាតិយេម៉ែនជាង១.៣០០នាក់ បច្ចុប្បន្ននេះបានជាប់គាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែការដណ្តើមយកយន្តហោះ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើសុវត្ថិភាពផ្លូវអាកាស និងសមត្ថភាពរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការហោះហើរនៅក្នុងប្រទេស។
រដ្ឋាភិបាល បានចោទប្រកាន់បន្ថែមទៀតថា ក្រុមហ៊ូទី បានបង្កកទ្រព្យហិរញ្ញវត្ថុរបស់ប្រទេសយេម៉ែន លើសពី១០០ លានដុល្លារអាមេរិក ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់ពួកគេពីបទប៉ុនប៉ងគ្រប់គ្រងប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ ខណៈមិនយកចិត្តទុកដាក់លើការចំណាយក្នុងប្រតិបត្តិការ។
ប្រទេសយេម៉ែន បានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យជួយក្នុងការធានាបានការដោះលែងសមាជិកយានិកនិងយន្តហោះ ការពារទ្រព្យសម្បត្តិរបស់ខ្លួន និងធានាឱ្យមានប្រតិបត្តិការ ជាបន្ត។